សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ លើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគកសិផលស្រូវ-អង្ករ សម្រាប់ធ្វើការនាំចេញ
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ លើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគកសិផលស្រូវ-អង្ករ សម្រាប់ធ្វើការនាំចេញ ។ នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះ ។
ក្នុងជំនួបនេះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសង្កេតឃើញពីសក្កដានុពលនៅកម្ពុជា ដែលប្រទេសម៉ាល់ឌីវ និងកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការគ្នា ជាពិសេស លើវិស័យពាណិជ្ជកម្ម។ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានប្រភពចំណីអាហារដែលអាចនាំចេញទៅប្រទេសម៉ាល់ឌីវ ក្នុងន័យនេះ ឯកឧត្តម គោរពជម្រាបជូនសម្ដេចតេជោថា នឹងសហការជាមួយក្រសួងការបរទេសកម្ពុជា និងជំរុញអ្នកវិនិយោគម៉ាឌីវ ឱ្យពិនិត្យមើលការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពី កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើងថែមទៀត ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសុំឱ្យឯកឧត្ដម អាប់ឌូឡា សាហ៊ីដ ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសម៉ាល់ឌីវផង ជួយជម្រុញអ្នកវិនិយោគពិនិត្យមើលសក្កដានុពលនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើង ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម អាប់ឌូឡា សាហ៊ីដ អំពីភាពអនុគ្រោះនៃការវិនិយោគនៅកម្ពុជា ជាពិសេស នៅលើវិស័យកសិកម្ម។
សម្ដេចបានមានប្រសាសន៍ថា កម្ពុជា បានអនុញ្ញាតឱ្យជនបរទេសមកបណ្ដាក់ទុន ១០០% ជាពិសេស នៅក្នុងការដាក់ទុនលើវិស័យកសិកម្ម ដូចជាការដាក់ម៉ាស៊ីនកិនស្រូវ, ការវិនិយោគទៅលើឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ ដើម្បីកិន ហើយសម្រាប់នាំចេញទៅប្រទេសដទៃ។ ក្នុងន័យនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឱ្យឯកឧត្តម លើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសម៉ាឌីវផ្ទាល់ ៕ ដោយ វណ្ណលុក












