សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣ពាន់នាក់  នៅព្រឹកថ្ងៃនេះ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់​។ វត្តមានរបស់សម្តេចតេជោនៅថ្ងៃនេះ គឺជាលើកទី១៤ហើយ ដែលសម្តេចតេជោ បានអញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូននិស្សិត និងសិស្សរបស់អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០០៣មក។ របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់។

សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គឺជាគ្រឹះស្ថានសិក្សាមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានឱ្យដឹងថា គិតចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ មានសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបានបញ្ចប់ការសិក្សាចំនួន ៦០,៩០២នាក់។ ដោយឡែកសិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាវិញមានចំនួន ៩,៦៦៥នាក់។

ដើម្បីចូលរួមលើកកម្ពស់ការបណ្តុះបណ្តាល និងកសាងធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ លោក ឌួង លាង បានលើកឡើងថា សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានបញ្ញាជន ក្នុងបរិបទនៃសង្គមពុទ្ធិ ក្នុងនោះបានអនុវត្តតាមផែនការយុទ្ធសាស្ត្រក្នុងគោលដៅចូលរួមអនុវត្ត តាមគោលនយោបាយ និងផែនការជាយុទ្ធសាស្ត្រវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើមបំផុត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner