មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន នឹងទទួលបានការដំឡើងប្រាក់បៀវរត្សរ៍ទាំងអស់នៅឆ្នាំ២០២៣ខាងមុខ

ភ្នំពេញ ៖ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន នឹងទទួលបានការដំឡើងប្រាក់បៀវរត្សរ៍ទាំងអស់នៅឆ្នាំ២០២៣ខាងមុខ។ នេះជាការបញ្ជាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ លោកគ្រូ-អ្នកគ្រូ និងមន្ដ្រីរាជការទាំងអស់ មិនត្រូវបានតំឡើងប្រាក់បៀវត្សឡើយ ដោយសារកម្ពុជា ត្រូវខិតខំសន្សំប្រាក់ ដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ ដែលជាឆ្នាំបន្ទាប់ពីកូវីដរាងធូរស្បើយនោះ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន សុទ្ធតែទទួលបានការដំឡើងប្រាក់បៀវរត្សរ៍ទាំងអស់ ដើម្បីជំរុញ និងបង្កើនល្បឿន នៃកម្រិតជីវភាពរបស់ពួកគាត់ ។ សម្ដេច ថា ការដំឡើងបៀវត្សនេះ គ្រូបង្រៀន-គ្រូពេទ្យ នឹងទទួលបានដំឡើងបៀវត្សច្រើនជាងគេ (អាទិភាព) ។

ជាមួយគ្នានេះ សម្ដេចបន្ថែមថា គ្រូពេទ្យ និងគ្រូបង្រៀន មានប្រាក់បៀវត្ស ច្រើនជាងមន្ដ្រីរាជការហើយ ដូច្នេះកុំមានភាពច្រណែន។ សម្ដេចថា គ្រូបង្រៀន មិនអាចធ្វើអ្នកមានបានឡើយ ប៉ុន្ដែបង្រៀនឲ្យកូនសិស្សធ្វើជាអ្នកមានបាន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner