ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជម្រុញដល់ អធិការនគរបាលក្រុង-ស្រុក ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេសការងារសន្តិសុខសណ្តាប់ធ្នាប់ ឱ្យបានល្អ
បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ជម្រុញដល់អធិការនគរបាលក្រុង-ស្រុក ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេសការងារសន្តិសុខសណ្តាប់ធ្នាប់ បន្តការកសាងរបងប៉ុស្តិ៍ ត្រូវផ្តល់សេវារដ្ឋបាល សៀវភៅស្នាក់នៅ អត្តសញ្ញាញប័ណ្ណសញ្ញ្ជាតិខ្មែរ និងសេវាផ្សេងៗឲ្យបានទាន់ពេលវេលា ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ថ្លែងដូចច្នេះ
ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២២ (គិតពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងារទទួលបានលទ្ធផលល្អគួរជាទីមោទន: គ្រប់កងឯកភាព ទន្ទឹមនោះក៏នូវមានចំណុចខ្វះខាត ដែលយើងត្រូវព្យាយាមបំពេញ តាមរយៈការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ ច្បាប់ បច្ចេកវិទ្យា និង ភាសារបរទេសជាដើម ។

លោកឧត្តមសេនីយ៍ទោស្នងការ ប្រាប់ជំនាញត្រូវគ្រប់គ្រង និងចុះបញ្ជីរាល់ការស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ដែលមកធ្វើការងារ ឬមកធ្វើអាជីវកម្មតាមមូលដ្ឋាននិងត្រូវក្តាប់ឲ្យបានពីសមាសភាពអង្គការឬសមាគមឲ្យបានណែន ដែលបាននឹងកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ដោយឡែកចំពោះនគរបាលការពារព្រំដែន ត្រូវគ្រប់គ្រងសភាពការណ៍ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ពន្ធ័ ត្រូវទប់ស្កាត់នូវរាល់បទល្មើសទំនិញគេចពន្ធ គ្រឿងញៀន និង បទល្មើសឆ្លងដែនខុសច្បាប់ផ្សេងៗទៀត ។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ក៏បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាពទាំងអស់ត្រូវបន្ត ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ ដែលជម្ងឺនេះបើទោះបីជាមានការថមថយក៏ពិតមែន តែវានៅមិនទាន់ទៅណាឆ្ងាយនោះទេ ដូច្នេះគឺត្រូវបន្តអនុវត្តនូវវិធានការណ៍៣កុំនិង៣ការពារឲ្យបានខ្ជាប់ខ្ជួន៕ដោយ៖ ឃឹន គន្ធា
