កីឡាការិនី ម៉ូណា ជេសស៊ីកា និយាយថាស៊ីហ្គេមឆ្នាំ២០២៣ ទោះបីមិនបានចូលរួមប្រកួតតំណាងជាតិក៏ដោយ ត្រឹមតែជាកីឡាការិនីសម្តែងគុនល្បុក្កតោក៏មានមោទកៈភាព
កីឡាការិនីពហុជំនាញ គង់ ម៉ូណាជេសស៊ីកា ដែលមានទេពកោសល្យលើប្រភេទកីឡាក្បាច់គុនហាប់គីដូ និង គុនល្បុក្កតោ បានបង្ហាញមោទកៈភាព ដែលនាងទទួលបានឱកាសបង្ហាញខ្លួនក្នុងសំលៀកបំពាក់ជាវិរៈគុនល្បុក្កតោខ្មែរសម្តែងជាមួយមិត្តរួមក្រុមក្នុងពិធីទទួលទង់ស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីពេលថ្មីកន្លងទៅនេះ ។
គង់ ម៉ូណាជេសស៊ីកា រៀបរាប់ថា ការបង្ហាញខ្លួនក្នុងសំលៀកបំពាក់ជាវិរៈនារីគុនល្បុក្កតោខ្មែរ នៅក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិរៀបចំរៀងរាល់២ឆ្នាំម្តងនេះ គឺជាឱកាសដែលនាងមិននឹកស្មានដល់ទាល់តែសោះ ហើយ វាជាមោទកៈមួយសម្រាប់ខ្លួននាងជាកុលធិតាខ្មែរ ព្រោះការបង្ហាញក្បាច់គុនល្បុក្កតោនៅកម្មវិធីដ៏ធំនោះ ជាឱកាសបង្ហាញទៅកាន់ពិភពលោក បានមើលឃើញថា នារីខ្មែរខ្លាំង រឹងមាំ និងអង់អាចក្លាហាន។
កីឡាការិនីពហុជំនាញរូបនេះ បន្ទាប់ពីបញ្ចប់បេសកម្មសំដែងក្នុងពិធីទទួលទង់នៅប្រទេសវៀតណាមរួចមក បច្ចុប្បន្ននាងកំពុងសម្រួចហ្វឹកហាត់ទាំងកីឡាហាប់គីដូ និងក្បាច់គុនល្បុក្កតោ ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែល្អបន្ថែមទៀត ត្រៀមបង្ហាញការសម្តែងក្បាច់គុនល្បុក្កតោខ្មែរ ក្នុងពិធីបើក នឹង បិទ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំជាលើកដំបូងនៅកម្ពុជា។
កីឡាការិនីវ័យ១៨រូបនេះ បានអះអាងទៀតថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាកីឡាការិនី និងជាកុលធិតាខ្មែរ ទោះបីរូបនាងមិនត្រូវបានជ្រើសរើសជាកីឡាការិនីតំណាងជាតិប្រកួតគុនល្បុក្កតោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដូចដែលនាងតែងតែរំពឹងទុកឬយ៉ាងណាក្តី ត្រឹមតែជាកីឡាការិនីសម្តែងក្បាច់គុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នាងក៏មានមោទកៈដែរ។
ម៉ូណា ជេសស៊ីកា បានអំពាវនា ឲ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសចូលរួមហាត់កីឡាទាំងអស់គ្នា ដើម្បីសុខភាព និង នាំគ្នាចូលរួមគាំទ្រផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
កីឡាការិនីម៉ូ ណាជេសស៊ីកា មានវ័យ១៨ឆ្នាំជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រី៣នាក់ នាងមានជំនាញក្បាច់គុនចំនួន២ សុទ្ធសឹងជាប្រភេទកីឡាប្រយុទ្ធ ទី១ គឺកីឡាហាប់គីដូ និងទី២ កីឡាគុនល្បុក្កតោខ្មែរ ៕ អត្ថបទ៖ ជាវ ចន្ធូ