ធនាគារវីងបើកសម្ពោធសាខាចំនួនពីរបន្ថែមទៀត គឺសាខាវត្តភ្នំ និងសាខាទួលគោក ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអតិថិជននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ជាមួយការសម្ពោធសាខាវត្តភ្នំ និងសាខាទួលគោក ធនាគារ បានពង្រីកបណ្តាញធនាគារនៅតាមទីតាំងយុទ្ធសាស្ត្រសរុបចំនួន ៥ បន្ថែមពីលើទីស្នាក់ការកណ្តាលបច្ចុប្បន្នរបស់ធនាគារ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។
ការថ្លែងបែបនេះរបស់ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងឱកាសដែលធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មីចំនួនពីរបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ គឺសាខាវត្តភ្នំ និងសាខាទួលគោក នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។
ឯកឧត្ដមបន្តថា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និង ផលិតផលសេវាហិរញ្ញវត្ថុថ្មីៗឲ្យកាន់តែសម្បូរបែប ស្របតាមនវានុវត្ដថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនបច្ចុប្បន្នក៏ដូចជានាពេលអនាគត និងបន្ដគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាបន្ថែមទៀត។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងថា ធនាគារ វីង មានគោលបំណងធ្វើឲ្យជីវភាពប្រជាជនកម្ពុជាទាំងអស់កាន់តែប្រសើរ និងកាន់តែងាយស្រួល។ ខ្ញុំជឿជាក់ថា ការសម្ពោធសាខាថ្មីទាំងពីរនេះ គឺជាជំហានវិជ្ជមានមួយទៀតឆ្ពោះទៅរកគោលដៅមួយនេះ។
អ្នកឧកញ៉ាបន្តថា សាខាវត្តភ្នំ ដែលមានទីតាំងជិតផ្សារធំថ្មី និងសាខាទួលគោកដែលមានទីតាំងទល់មុខសាលាបឋមសិក្សាទួលគោក ផ្តល់ការប្រើប្រាស់សេវាធនាគារ វីងយ៉ាងពេញលេញមួយប្រកបដោយភាពរហ័ស សុវត្ថិភាព និងងាយស្រួល។ សាខានីមួយៗត្រូវបានរចនាឡើងយ៉ាងប្រណីត ដោយមានចំណតរថយន្តធំទូលាយ កន្លែងរង់ចាំដែលមានផាសុខភាព ហាងកាហ្វេ និងបន្ទប់ប្រជុំពិសេសៗ។
ទីតាំងទាំងនេះក៏មានបញ្ជរដើម្បីផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជននិងត្រូវបានរចនាឡើងដើម្បីធានានូវភាពងាយស្រួល និងឯកជនភាពនៅពេលដែលអតិថិជនមកទទួលសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ។ សាខាថ្មីទាំងពីរនេះ ផ្ដល់សេវាធនាគារពេញលេញចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។
ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចទៅកាន់សាខាណាមួយ និងពិគ្រោះជាមួយអ្នកជំនាញកម្ចីអាជីវកម្ម បើកគណនី ស្នើសុំកាតធនាគារ ផ្ទេរប្រាក់ ប្រើប្រាស់សេវាកម្មឌីជីថល និងសេវាកម្មជាច្រើនទៀត។ ជាមួយគ្នានេះ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីងបានរបស់ធនាគារ វីង ដែលធ្វើឲ្យជីវភាពមានការផ្លាស់ប្តូរ ជាមួយនឹងភាពងាយស្រួលកាន់តែច្រើនជាងមុន។
ខ្ញុំជឿជាក់ថា សាខាថ្មីនេះនឹងផ្តល់លទ្ធភាពទទួលបានសេវាកម្មនានាក្នុងតំបន់ទាំងនេះ និងនៅតំបន់ដទៃទៀតនឹងទទួលបានអត្ថប្រយោជន៍ពីវត្តមានរបស់ធនាគារ វីង។ លោកបន្ថែមថា នៅសាខាថ្មីទាំងពីរ មានបុគ្គលិកធនាគារ វីងប្រកបដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់ ហើយត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍អតិថិជន និងឆ្លើយតបរាល់ចម្ងល់ផ្សេងៗ។
អតិថិជនដែលរស់នៅ និងធ្វើការនៅជិតសាខាថ្មីទាំងនេះ អាចធ្វើការដាក់ប្រាក់ និងដកប្រាក់ ក៏ដូចជាស្នើសុំឥណទាន ដាក់មូលប្បទានបត្រពីធនាគារណាមួយដោយមិនគិតថ្លៃ។ អតិថិជនក៏អាចប្រើប្រាស់បន្ទប់ប្រជុំពិសេសម្រាប់ការប្រជុំ និងការពិភាក្សាផងដែរ។ ក្នុងរយៈពេល១៤ឆ្នាំ នៃការផ្ដល់សេវាកម្មនៅប្រទេសកម្ពុជា ធនាគារ វីង បានប្រែក្លាយខ្លួនពីការចាប់ផ្តើមដ៏សាមញ្ញមួយរហូតបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទូទាំងប្រទេស។
ទោះបីជាបានជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ក៏ដូចជាបញ្ហាបង្កឡើងដោយជំងឺរាតត្បាតជាសកលនាពេលថ្មីៗនេះក៏ដោយ ធនាគារ វីង តែងតែបង្ហាញពីឆន្ទៈក្នុងការផ្តល់សេវាកម្មប្រកបភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ហើយនឹងបន្តបេសកកម្មនេះ ខណៈពេលដែលធនាគារនឹងពង្រីកសាខារបស់ខ្លួនបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕ ដោយ៖ ទីណា



