កម្មករនិយោជិតចំនួន ៤៥១៧នាក់ នៃសហគ្រាសទាំង៥១ នៃវិស័យទេសចរណ៍បានទទួលប្រាក់ឧបត្ថម្ភលើកទី៨៥
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយដល់បងប្អូនកម្មករនិយោជិតចំនួន ៤៥១៧នាក់ នៃសហគ្រាសទាំង៥១ នៃវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល នឹងបានទទួលប្រាក់ឧបត្ថម្ភលើកទី៨៥។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២បានឱ្យដឹងថាការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ នេះធនាគារ វីង នឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាល សហគ្រាសនាពេលកន្លងមក។
ជាមួយគ្នាសម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួនដូចជា៖
- ១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ
- ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
ក្រសួងសូមរំឭកថា ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ ឧបត្ថម្ភនេះឡើយ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅសហគ្រាសទាំង៥១ នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារ វីងនោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលសហគ្រាសរបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករសហគ្រាសដទៃផ្សេងទៀតអំពីការបើក ផ្តល់ប្រាក់ឧបត្ថម្ភនេះ៕ ដោយ៖ ដេប៉ូ




ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។