អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា លើកទឹកចិត្តដល់មន្រ្តីណាដែលគោរពវិន័យ យកចិត្តទុកដាក់លើការងារ
ភ្នំពេញ ៖ មន្ត្រីណាដែលគោរពវិន័យ ខិតខំបំពេញការងារ ដោយភាពទទួលខុសត្រូវ ឧស្សាហ៍ព្យាយាម គោរពពេលវេលា ត្រូវបានលើកទឹកចិត្ត…..មិនមែនលើកទឹកចិត្តជាលុយ ឬជាសម្ភារៈនោះទេ គឺលើកទឹកចិត្តទៅលើការផ្តល់តួនាទីការងារ ព្រោះមន្ត្រីនោះហើយដែលធ្វើឱ្យអង្គភាពទទួលបានផ្លែផ្កា…!
នេះជាប្រសាសន៍លើកឡើងរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៩ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌ ក្រោមវត្តមានលោក អ៊ំ ម៉ារ៉េច ប្រធានក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សារាជធានី២រូប ។
នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលក៍បានជម្រាបជូនដល់ក្រុមប្រឹក្សានូវផែនការសម្រាប់អនុវត្តបន្តទៀត
ទី១-ជំរុញអោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ត្រូវអនុវត្តគោលនយោបាយ “ ឃុំ-សង្កាត់ មានសុវត្ថិភាព “ ដែលមាន៧ចំនុចអោយមានប្រសិទ្ធ ដើម្បីផ្តល់ក្តីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ទី២-ស្នើអោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់តាមដានជាប្រចាំទៅស្ថានភាពអាកាសធាតុនិងស្ថានភាពទឹកទន្លេ ទឹកភ្លៀង ព្រោះតំបន់មួយចំនួនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងដូចជានៅសង្កាតព្រែកឯង សង្កាត់វាលស្បូវ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ជាដើម ។
ទី៣-ស្នើអោយលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ត្រូវធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋអោយមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដុសមូលដ្ឋាន និងដុសជម្រុញអោយបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក. ព្រោះវ៉ាក់សាំងនេះមានសារៈសំខាន់ណាស់ក្នុងការការពារសុខភាពបងប្អូនប្រជាពលរដ្ឋជៀសពីជំងឺកូវីដ-១៩ មួយផ្នែកទៀតត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ជាប្រចាំទើបជៀសផុតពីជំងឺកូវីដ-១៩ ៕ ប៊ុនធី-សណ្តោស



