នាយកប្រតិបតិ្តសាលារៀនអាម៉ាហ្សូន៖ ត្រូវតែបណ្តុះថ្នាលអប់រំ ឲ្យបានច្រើនប្រកបដោយគុណភាព
ភ្នំពេញ៖ លោក ឈឹម សង្ហា នាយកប្រតិបតិ្តសាលារៀនអាម៉ាហ្សូន បានអៈអាងថា មានសន្តិភាព ធ្វើឲ្យប្រទេសជាតិ រីកចម្រើន និងប្រែពីធនធានមនុស្សល្អ ឲ្យក្លាយជាមូលធនមនុស្ស សម្រាប់ប្រជាជនកម្ពុជា ហើយដើម្បីចូលរួម ចំណែកអភិវឌ្ឍន៍សង្គមជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខឆាប់រហ័ស យើងចាំបាច់ត្រូវតែបណ្តុះថ្នាលអប់រំ ឱ្យបានច្រើន ប្រកបដោយគុណភាព ។

លោកបានថ្លែងបែបនេះក្នុងពិធីបើកបវេសនកាលថ្មី ចែកវិញ្ញាបនបត្រ ប័ណ្ណសរសើរ និង អាហារូបករណ៍ ដល់សិស្សានុសិស្សរបស់សាលារៀនអាម៉ាហ្សូនកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ។

លោក បន្តថា សព្វថ្ងៃ សាលាមានសិស្សានុសិស្ស បានចុះឈ្មោះចូលសិក្សាមានចំនួន៣៨៩នាក់ បើនិយាយទៅមិនគួរឲ្យជឿ ព្រោះ ក្រោយអន្តរកាលកូវីដ-១៩ មានសិស្សប្រមាណខ្ទង់តែ៤០ ទៅ៥០នាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលប្រមុខរាជរដ្ឋា ភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសបើកសាលារៀនឡើងវិញ និងសេដ្ឋកិច្ចឡើងវិញនោះ សង្កេតឃើញថា ចំនួនសិស្សមានការកើនឡើងលឿន ក្នុងរយៈពេលតែ៨ខែចុង គឺសាលារៀនអាម៉ាហ្សូន មានសិស្សចុះឈ្មោះចូលរៀន ប្រមាណជាង៣០០នាក់។ ដូច្នេះសូមគោរពអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែយើងមានសន្តិភាព ទើបប្រទេសជាតិយើងរីក ចម្រើន។ ដោយសារយើងមានសន្តិភាពទើបវិស័យអប់រំ គឺមានឱកាសផ្តល់នូវចំណេះដឹងដ៏ល្អ ក៏ដូចជាប្រែពីធនធាន មនុស្សល្អ ឲ្យក្លាយទៅជាមូលធនមនុស្សសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

លោក ឈឹម សង្ហា បានបញ្ជាក់ថា សាលារៀនអាម៉ាហ្សូន មានកម្មសិក្សាដូចជាកម្មវិធីសិក្សាចំណេះទូទៅភាសា ខ្មែរ និងអង់គ្លេសគ្រប់កម្រិត និងបន្ថែមភាសាចិនសម្រាប់ថ្នាក់ពេញម៉ោង និងថ្នាក់ទារកដ្ឋាន ទទួលមើលថែទាំកុមារ ចាប់ពីអាយុ ១៨ខែ ដល់៣ឆ្នាំ។ សាលារៀនមានបំពាក់នូវគ្រឿងបរិក្ខារទំនើប ដោយ មានបំពាក់ម៉ាស៊ីនត្រជាក់ក្នុង បន្ទប់សិក្សា បន្ទប់បណ្ណាល័យ ថ្នាក់កុំព្យូទ័រ ហើយសម្រាប់បវេរសនកាលថ្មីនេះ សាលាផ្តល់ជូនការបញ្ចុះតម្លៃផងដែរ៕
ដោយ: វណ្ណលុក

