គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាចុះស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងខេត្តកោះកុង

ខេត្តកោះកុង ៖ គណៈប្រតិភូគណៈកម្មការផែនាការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ អមដំណើរដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេធិការក្រសួងបរិស្ថាន បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកោះកុង ដឹកនាំដោយ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរជំនាញនានាដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកោះកុង។

ឯកឧត្តម ឡូយ សុផាត មានប្រសាសន៍ថាបេសកកម្មរបស់គណៈកម្មការនាពេលនេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផលការរីកចម្រើនរបស់ខេត្ត ក៍ដូចជាវឌ្ឍនភាពការងារ បញ្ហាប្រឈម ដែលខេត្តបានជួបប្រទះនាពេលកន្លងមក ជាពិសេសចង់សិក្សាស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដើម្បីប្រមូលជាធាតុចូល ឲ្យគណៈកម្មការមានវិធានការរួមគ្នាដោះស្រាយបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។

លោកជំទាវ មិថុនា ភូថង មានប្រសាសន៍ថា អាជ្ញាធរខេត្ត ក៍ដូចជាមន្ទីរជំនាញពាក់ព័ន្ធនានាបាននឹងកំពុងខិតខំ ហើយដោះស្រាយរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាន់ពេលវេលា ជាពិសេសបានបង្ខិតសេវាឲ្យខិតជិតទៅដល់ពួកគាត់ ការដោះស្រាយទាន់ពេលវេលាគឺអាស្រ័យដោយក្រុមការងារគ្រប់ថ្នាក់ បានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុតមាំក្នុងការអនុវត្តបទបញ្ជា សេចក្តីណែនាំ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលជាមួយកិច្ចសហការគ្រាំទ្រទៅវិញទៅមក ក្នុងគោលដៅច្បាស់លាស់ធ្វើការដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរ។

ចំពោះបញ្ហាបរិស្ថាននៅក្នុងខេត្តកោះកុងអាជ្ញាធរខេត្ត និងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន ក៍ដូចជាសហគមន៍បានខិតខំទប់ស្កាត់បទល្មើសកាប់ព្រៃខុសច្បាប់ដោយថែរក្សាសម្បត្តិធម្មជាតិទាំងអស់ នៅស្រស់បំព្រងដោយគ្មានការបាត់បង់ ជាពិសេសនៅពេលបច្ចុប្បន្ននេះពាក់ព័ន្ធនឹងតំបន់អារ៉ែងបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដែលបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិទៅលេងកម្សាន្តយ៉ាងច្រើន។

លោកជំទាវបន្តថា ចំពោះវិស័យផ្សេងៗរដ្ឋបាលខេត្តក៍ដូចជាមន្ទីរជំនាញពាក់ព័ន្ធបានខិតខំចុះផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹង និងរូមគ្នាថែរក្សាសម្បត្តិធម្មជាតិឲ្យស្ថិតស្ថេរដើម្បីជាគុណប្រយោជន៍ក្នុងការស្រូបយកនៅទេសចរណ៍ ក៍ដូចជាអ្នកវិយោគឲ្យមកបណ្តាក់ទន់នៅក្នុងខេត្តកោះកុងឲ្យកាន់ច្រើនដើម្បីបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋ ។

ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់អជ្ញាធរខេត្ត ក៍ដូចជាមន្ទីរជំនាញនានារួចមក
ឯកឧត្តម ឡូយ សុផាត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក៍ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ដែលពុះពារគ្រប់បែបយ៉ាងក្នុងការថែរក្សាព្រៃធម្មជាតិ ជាពិសេសគឺការផ្តល់នូវសេវាសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា។ ឯកឧត្តមក៍បានផ្តាំផ្ញើដល់អាជ្ញាធរខេត្ត បន្តខិតខំបន្តទៀតធ្វើយ៉ាងណាប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភាឲ្យទទួលបានជោគជ័យ។

បន្ទាប់មកនៅរសៀលថ្ងៃដដែលគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាបានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់នៅតំបន់ទទួលរងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតក្នុងភូមិទី១ និងភូមិទី២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងកំពង់ផែចតទូកនេសាទរបស់ក្រុមហ៊ុន អ៊ិល.វ៉ាយ.ភីគ្រុប ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងផងដែរ ៕ ប្រភព ៖ រដ្ឋសភា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner