ថ្ងៃនេះ ប្រជាពលរដ្ឋចាញ់បោកការឃោសនារបស់ លោក ខឹម វាសនា ត្រឡប់ទៅស្រុកកំណើតវិញជាបណ្តើរៗ
សៀមរាប៖ ប្រជាពលរដ្ឋដែលបានប្រមូលផ្តុំគ្នាតាមការឃោសនា របស់ លោក ឃឹមវាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅ ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បាន ធ្វើដំណើរត្រឡប់ទៅភូមស្រុករបស់ ខ្លួនវិញ ជាបណ្តើរៗរួចហើយ។
ជាមួយគ្នានេះឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួម ជាមួយ មន្រ្តីពាក់ព័ន្ធបាន ចុះទៅពិនិត្យទីតាំង និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅទីតាំងផ្ទាល់ ហើយបានបញ្ជាក់ថាសមត្ថកិច្ចទទួលស្វាគមន៍ និងសម្របសម្រួលជូនដំណើរត្រឡប់មូលដ្ឋានវិញផងដែរ។
ចំពោះការជួបជុំកន្លងមកនោះ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់កុំឲ្ យមានភាន់ច្រឡំថា នឹងមានការពន្យាពេលនៃការរំសាយ ឬបំបែក ការប្រមូលផ្តុំ។ រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការ ឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេស សុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣១ ខែសីហា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ក្នុងពិធី បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមនៅ រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យក្រុមគ្រួសារ ប្តី ប្រពន្ធ និងកូនៗ ទាំងឡាយ ដែលបានចាញ់បោកការឃោសនារបស់លោក ខឹម វាសនា ហើយ បានឈ្លោះទាស់ទែងគ្នានោះ សូមស្រុះស្រួលគ្នាវិញ ក្នុងគ្រួសាររបស់ ខ្លួន ហើយនាំគ្នាវិលត្រឡប់ទៅស្រុកភូមិរបស់ខ្លួនវិញ។
ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអាជ្ញាធរខេត្ត សៀមរាប រៀបចំជាមធ្យោបាយដឹកជញ្ជូន និងផ្តល់ស្បៀងអាហារ តាម លទ្ធភាពដល់បងប្អូន ដែលមានការលំបាកក្នុងការវិលត្រឡប់ ទៅលំនៅឋាន របស់ពួកគាត់វិញដោយប្រើប្រាស់ រថយន្តរបស់កងទ័ពក្នុងការដឹកជញ្ជូន ថែមទៀតផង៕
ដោយ៖ ស៊ាន សុផាត



