អភិបាលខេត្តកំពង់ស្ពឺ៖ ស្រុក-ក្រុងទាំងអស់ មានអំណាចគ្រប់គ្រាន់ក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនបាច់សុំយោបល់ខេត្ត
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ខ្ញុំអត់ដែលបានចុះហត្ថលេខាឬឯកភាពលើលិខិតបទដ្ឋានណាមួយឱ្យបើកល្បែងស៊ីសងទេ ។ ដូច្នេះរដ្ឋបាលស្រុក-ក្រុងមានអំណាចគ្រប់គ្រាន់ក្នុងការបង្ក្រាបល្បែងស៊ីសងទាំងអស់នោះដោយមិនបាច់សុំយោបល់ខេត្តឡើយ។

ឯកឧត្តមបានបញ្ជាក់ថា មានគណៈបញ្ជាការឯកភាពនៃស្រុកមួយ បានសុំមករដ្ឋបាលខេត្តឱ្យមានការណែនាំថា ត្រូវធ្វើយ៉ាងណាក្នុងពេលដែលស្រុករបស់ខ្លួនកើតមានល្បែងស៊ីសងច្រើន។ពិសេសនៅតាមទីប្រជុំជននិងហាងកាហ្វេនានា។ល្បែងទាំងនោះគឺជាល្បែងអនឡាញមាន ឆ្នោតឡូតូ ជល់មាន់ និងឆ្នោតវៀតណាម ដែលបច្ចុប្បន្នបាននិងកំពុងពង្វក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

អភិបាលខេត្តកំពង់ស្ពឺបានបន្ទោសថា ចំពោះរឿងល្បែងស៊ីសងក្នុងដែនគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពស្រុក-ក្រុងនីមួយៗមិនគួរនិយាយឬសុំយោបល់នោះទេ។ ក្នុងនាមអាជ្ញាធរដែនដីជួបបទល្មើសត្រូវតែបង្ក្រាបដោយមិនសុំយោបល់ខេត្តនោះទេ ព្រោះខេត្តមិនដែលបានចុះហត្ថលេខាឱ្យបើកអនឡាញឆ្នោតឡូតូ ជល់មាន់ឡើយ។ក្នុងនោះលោកសុំឱ្យអាជ្ញាធរស្រុក-ក្រុងមើលលិខិត ឯកសាររបស់អ្នកបើកល្បែងទាំងអស់នោះ តើមានការចុះហត្ថលេខាឯកភាពពីរដ្ឋបាលខេត្តដែរឬទេ?៕ ដោយ៖ ម៉ុន សំអាត


