តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី ទាំង៦នាក់ ដែលជាសកម្មជនរបស់(LDP) ជាបណ្តោះអាសន្ន ដោយ ចោទពីបទ ប្រឆាំងអ្នករាជការសាធារណៈ
ខេត្តសៀមរាប ៖ លោក ថេង សំណាង ព្រះរាជអាជ្ញារង សាលាដំបូង និងអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ថា ស្ត្រី០៦នាក់ ដែលជាសកម្មជនរបស់គណបក្ស (LDP) ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅមុខ ចំការរបស់លោក ខឹម វាសនា ហើយត្រូវបានសម្រេចឲ្យឃុំខ្លួន ជាបណ្តោះអាសន្នដាក់នៅពន្ធនាគារ ខេត្តសៀមរាប ។ លោកបានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន៦នាក់ ជាសកម្មជន អ្នកគាំទ្រគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានបើករថយន្ត គេចពីបារ៉ាស់ទី១ រួចទៅបំបុកបារ៉ាសទី២ របស់សមត្ថកិច្ច និង ប្រឆាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ។ ករណីខាងលើ ត្រូវបានចោទពីបទ “ប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចប៉ុស្តិ៍ហាម ឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បានប្រាប់ឲ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា នេះថា ពិតជាមានការឃាត់មនុស្សចំនួន ៦នាក់ ពិតប្រាកដមែន នៅចំណុចប៉ុស្តិ៍ហាមឃាត់ មុខដីចម្ការលោក ខឹម វាសនា ក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី ០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តសៀមរាប ។ ជនទាំង៦នាក់ មាន ទី១ /ឈ្មោះ ឈិត ស្រីឡាង, ទី២ /ឈ្មោះ ថុង ដារ៉ាស៊ី , ទី៣/ឈ្មោះ អ៊ី សូជីង, ទី៤ ឈ្មោះ ជុំ ខុម, ទី៥/ ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦/ ឈ្មោះ កូវ ឡោ ។ អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប នាល្ងាចថ្ងៃកើតហេតុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ក្នុងករណីឃាត់ខ្លួនមនុស្សស្រីទាំង៦នាក់នេះ ដោយបានជិះរថយន្ត រួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ហើយជននោះបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ចបាក់អស់២កន្លែងថែមទៀត ព្រមទាំងបានប្រើហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរេរាំងប្រតិបត្តិការ របស់សមត្ថកិច្ចថែម ទាំងជេរប្រមាត ទៅលើសមត្ថកិច្ចអនុវត្តវិធានការច្បាប់ទៀតផង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប


