តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនសមាជិក និងអ្នកគាំទ្រគណបក្ស LDP ចំនួន៦នាក់ និងចោទពីបទប្រឆាំងអ្នករាជការសាធារណៈ

ភ្នំពេញ៖តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនបណ្តោះអាសន្នសមាជិក និងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ចំនួន៦នាក់ និងចោទប្រកាន់ពីបទប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២មុននេះបន្តិច។ មនុស្សទាំង៦នាក់ ត្រូវចាប់សមត្ថកិច្ចខ្លួននៅចំណុចប៉ុស្តិ៍ហាមឃាត់ មុខដីចម្ការលោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២។ ការចាប់ខ្លួន គឺបន្ទាប់ពីពួកគេបានជិះរថយន្តដឹកបន្លែចូលតំបន់ហាមឃាត់ និងបានបើបំបុកបារ៉ាស់បស់សមត្ថកិច្ចថែមទៀតផង។ នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានបញ្ជូនខ្លួនមនុស្សទាំង៦នាក់ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ថ្លែងប្រាប់ AMS ថា “មនុស្សទាំង៦នាក់ ត្រូវបានសម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ ដោយចោទប្រកាន់ពីបទប្រឆាំងអ្នករាជការសាធារណៈ ដោយមានសក្ថានទម្ងន់ទោស”។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ជនដែលត្រូវចោទទាំង៦នាក់ មានដូចជា៖
១) ឈ្មោះ អ៊ី ស៊ូជីង ភេទស្រី អាយុ៣៧ឆ្នាំ កើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ កើតនៅភូមិរតនៈ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កម្រិតវប្បធម៌ ថ្នាក់បិរញ្ញាប័ត្រ មុខរបរ អ្នកមើលការខុសត្រូវក្នុងផ្ទះបាយក្នុងចម្ការលោក ខឹម វាសនា។
២)ឈ្មោះ ភួង សម្ផស្សរបូផា ភេទស្រី អាយុ៣២ឆ្នាំ កើតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩០ ជនជាតិខ្មែរ កើតនៅរាជធានីភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កម្រិតវប្បធម៌ ថ្នាក់ទី១២ មុខរបរ នៅផ្ទះបាយក្នុងចម្ការលោក ខឹម វាសនា។
៣)ឈ្មោះ ជុំ ខុម ភេទស្រី អាយុ៦៣ឆ្នាំ កើតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩០ ជនជាតិខ្មែរ កើតនៅខេត្តបាត់ដំបង ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាអ្នកអនាម័យនៅផ្ទះបាយក្នុងចម្ការលោក ខឹម វាសនា។
៤)ឈ្មោះ កូវ ឡោ ភេទស្រី អាយុ៣៤ឆ្នាំ កើតថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៨៨ ជនជាតិខ្មែរ កើតនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាចុងភៅនៅផ្ទះបាយក្នុងចម្ការលោក ខឹម វាសនា។
៥)ឈ្មោះ ថុង ដារ៉ាស៊ី ភេទស្រី អាយុ៣៦ឆ្នាំ កើតថ្ងៃទី០២ ខែឧសភា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ កើតនៅភូមិព្រែកឬស្សី សង្កាត់បដិវត្ត ខេត្តកណ្ដាល ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
៦)ឈ្មោះ ឈិត ស្រីឡាង ភេទស្រី អាយុ២៤ឆ្នាំ កើតថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៩៨ ជនជាតិខ្មែរ កើតនៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ជាចុងភៅនៅផ្ទះបាយក្នុងចម្ការលោក ខឹម វាសនា។

ចៅក្រមបានសម្រេចបើកការស៊ើបសួរលើអង្គហេតុខាងលើ និងស្នើសុំដាកឱ្យស្ថិតក្រោមការពិនិត្យលើ៖
១/ឈ្មោះ អ៊ី ស៊ូជីង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)
២/ឈ្មោះ ភួង សម្ផស្សបូផា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)
៣/ឈ្មោះ ជុំ ខុម ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)
៤/ឈ្មោះ កូវ ឡោ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)
៥/ឈ្មោះ ថុង ដារ៉ាស៊ី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)
៦/ឈ្មោះ ឈិត ស្រីឡាង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)
ពីបទ៖ ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស (ប្រព្រឹត្តិដោយបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាសហចារី ឬអ្នកសមគំនិត ) ប្រព្រឹត្តនៅចំណុចភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ទីតាំងប្រជាជនប្រមូលផ្ដុំដោយគ្មានលិខិតអនុញ្ញាត ក្នុងចំការ ១២ ហិចតា និង ២៥ ហិចតា ដែលជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ) កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ជាបទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិក្នុងមាត្រា ៥០៣ និងឱ្យផ្តន្ទាទោសតាមមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ៕
ដោយ៖ពលជ័យ

ads banner