ពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបប្រក់នាគ និងសម្ពោធសមិទ្ធិផលនានាក្នុងវត្តគិរីរតនារាម (វត្តត្រពាំងក្រហម) ក្នុងស្រុកកូនមុំ
រតនគិរី៖ សមិទ្ធិផលនានា នៅក្នុងទីអារាមវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី រួមមាន ព្រះពុទ្ធរូបប្រក់នាគ,ផ្លូវបេតុង,បង្គោលភ្លើង សរុបបច្ច័យក្នុងការកសាងប្រមាណ ១០មុឺនដុល្លារត្រូវបានធ្វើពិធីពុទ្ធាភិសេក និងសម្ពោធឆ្លង នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកូនមុំ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្ដែងការកោតសរសើរចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលបាន រួមកម្លាំងសាមគ្គីគ្នាកសាងបាននូវសមិទ្ធផលនានាក្នុងវត្តគិរីរតនារាម(ហៅវត្តត្រពាំងក្រហម)ទុកជាគុណប្រយោជន៍នៃវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ។ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងផងដែរពីការខិតខំប្រឹងប្រែងស្ថាបនាជាតិរបស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនា វត្តអារាម មន្ទីរពេទ្យ សាលារៀន ស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួលដល់តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃដែលសមិទ្ធិផលទាំងអស់បានធ្វើអោយប្រជាពលរដ្ឋមានមោទនភាព ចំពោះរាជរដ្ឋាភិបាលដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តម ម៉ុម សារឿន បានលើកឡើងពីគោលនយោបាយឈ្នះៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ។

ឯកឧត្តម ម៉ុម សារឿន បានលើកឡើងពីគុណតម្លៃនៃព្រះពុទ្ធសាសនា ដែលមិនគ្រាន់តែជាទីគោរពសក្ការៈបូជា ប៉ុណ្ណោះទេ គឺជាប្រភពនៃបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល។ បើតាមប្រវត្តិសាស្ត្របានបង្ហាញថា ទីអារាម បានរួមចំណែកក្នុងការកសាងសង្គមជាតិ ប្រកបដោយសីលធម៌ ចរិយាធម៌ និងគុណធម៌ ហើយក៏ជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរបានកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយសម្រាប់សិក្សារៀនសូត្រ។ វត្តអារាមគឺជាកន្លែង បណ្តុះនូវធនធានមនុស្សដែលពោរពេញដោយចំណេះដឹង ទាំងផ្លូវលោក និងផ្លូវធម៌ ប្រកបដោយមនសិការជាតិ។

ឯកឧត្តមបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនា ដោយបានបង្កលក្ខណៈសម្បត្តិងាយស្រួលគ្រប់បែបយ៉ាងដល់សកម្ម ភាពព្រះពុទ្ធសាសនា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យនេះឲ្យមានរីកចម្រើនដូចវិស័យដទៃទៀត សម្រាប់បម្រើដល់ការគោរពបូជារបស់ ពុទ្ធបរិស័ទទូទាំងប្រទេស ។ ជាក់ស្តែងសមិទ្ធិផលបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលបានចំណាយថវិកាសាសង់ប្រមាណ ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិកនាពេលនេះ សម្រាប់ទុកឲ្យប្រជាពុទ្ធបរិស័ទជិតឆ្ងាយ គោរព និងប្រតិបត្តិ ស្ថិតនៅក្នុងវត្តគិរីរតនារាមហៅវត្តត្រពាំងក្រហមនៃស្រុកកូនមុំ ដែលកំពុងរៀបចំពិធីបុណ្យកាត់ខ្សែបូ សម្ពោធសមិទ្ធិផលផ្សេងៗជាច្រើន ទៀត នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។

ឯកឧត្តម ម៉ុម សារឿន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីមានឱកាស ធ្វើការអភិវឌ្ឍន៍ ប្រទេសជាតិ និងសង្គមគ្រួសារឲ្យកាន់តែរីកចម្រើនថែមទៀត ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋានរបស់ខ្លួន និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានា ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត ៕ ដោយ គតិ យុត្ត