មន្រ្តី និង អ្នកជំនាញចង់ឃើញតំបន់ទេសភាពភាគខាងកើតដែលជាទីកន្លែងប្រៀបប្រដូចគ្រាប់ពេជ្រមិនទាន់ច្នៃឱ្យក្លាយជា សក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិ

ខេត្តមណ្ឌលគិរី ៖ តំបន់ទេសភាពភាគខាងកើតគឺជាគ្រាប់ពេជ្រមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ ជាពិសេស នៅដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ព្រៃល្បោះដែលជាជម្រកសត្វប្រភេទក្រចកជើងចំពាម ជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០ភាគរយនៃសត្វទន្សោងនៅលើពិភពលោក កំពុងរស់នៅតំបន់ដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី ដើម្បីប្រែក្លាយជាសក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិនៅថ្ងៃខាងមុខ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា។

ការលើកឡើងឱ្យឃើញពីសក្តានុពលនៃតំបន់ទេសភាពភាគខាងកើតប្រទេសកម្ពុជា ហើយចង់ប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍ធម្មជាតិ របស់ប្រធានអង្គការ WWF ប្រចាំកម្ពុជារូបនេះធ្វើឡើងក្នុងពិធី ពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWFដែលបានរៀបចំឡើងនាដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតជាប្រភេទព្រៃរបោះស្ថិតនៅភាគខាងជើង និងភាគ ខាងឦសាននៃប្រទេសកម្ពុជា ចាប់ពីខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ។ តំបន់នេះជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់អេកូឡូស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភាពក្នុងតំបន់មេគង្គ។

ទាក់ទិនក្នុងរឿងនេះ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជាបានឱ្យដឹងថា មុនពេលចង់ឱ្យតំបន់ព្រៃល្បោះដ៏ធំកន្លែងនេះក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ពិតណាស់គេចាំបាច់ត្រូវគ្រប់គ្រង និងអភិរក្សឱ្យបានលើតំបន់អភិរក្សនេះដើម្បីបង្កើនចំនួនជីវៈចម្រុះ។

ជាមួយគ្នានេះ លោក ក៏បានលើកឡើងដែរថា ក្រៅពីមានទេសភាពព្រៃឈើ សត្វព្រៃ ពិសេសក្នុងដែនជម្រសត្វព្រៃស្រែពក និង ភ្នំព្រេច ក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី គេឃើញនៅមានវត្តមានសត្វក្រពើភ្នំ ដែលជាសត្វទឹកមួយប្រភេទអ្នកទេសចរបរទេស ចូលចិត្តកម្សាន្តទៀតផង។

លោក សេងទៀត បានលើកឡើងដោយពន្យល់អំពីសក្តានុពលនៃតំបន់ទេសភាពភាគខាងកើតដែលលោកចាត់ទុកថា គឺជាគ្រាប់ពេជ្រមិនទាន់ច្នៃ នេះដែរថា” នៅក្នុងភូមិសាស្រ្តតំបន់នេះគឺមានព្រៃ មានសត្វព្រៃ ម្ល៉ោះហើយនៅពេលយើងគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ហើយកាត់បន្ថយទៅលើសម្ពាធដែលអាចប៉ះពាល់ដល់សត្វព្រៃ គឺនៅពេលហ្នឹងយើងអាចច្នៃគ្រាប់ពេជ្រមួយដែលល្អជាពិសេសទៅលើវិស័យទេសចរណ៍ធម្មជាតិរបស់យើង”។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា បច្ចុប្បន្នដែនជម្រកសត្វព្រៃស្រែពក មានវត្តមានសត្វមួយចំនួន ដូចជា សត្វខ្ទីង ខ្លារខិន ដំរី ឈ្លូស ប្រើស ជ្រូកព្រៃ មាន់ព្រៃ ស្វា ក្ងោក និងប្រភេទសត្វផ្សេងៗទៀត និងមានអនុផលព្រៃឈើផ្សេងៗទៀត ដូចជា ផ្សិត បន្លែ ផ្លែឈើ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃស្រែពកនេះអាចអាស្រ័យផលបានជារៀងរាល់ឆ្នាំ។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រាបានមានប្រសាសន៍ថា “ការសិក្សាពីរបាយសត្វព្រៃមានសារៈសំខាន់ដើម្បីរៀបចំរបាយការណ៍ពីវត្តមានសត្វព្រៃក្នុងតំបន់អភិរក្ស និងផ្តល់ធាតុចូលបន្ថែមសម្រាប់ក្រសួងបរិស្ថាន និងអង្គការ WWF ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិរក្សដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចរៀបចំផែនការសកម្មភាព និងវិធានការចាំបាច់អាទិភាពនានា ដើម្បីការពារថែរក្សាអភិរក្សសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃទាំងពីរនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ខណៈសត្វព្រៃនៅតែទទួលរងនូវការគំរាមកំហែងពីអន្ទាក់គ្រប់ប្រភេទ”។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការដៃគូបានខិតខំប្រឹងប្រែងអភិរក្សតំបន់នេះឱ្យបានគង់វង្សដើម្បីរក្សាធនធានព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះដែលមានតាមដងទន្លេមេគង្គ ព្រមទាំងអូរបឹងបួរក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតឱ្យកាន់តែសម្បូរបែប មុននឹងឈានទៅបង្កើតជាតំបន់អេកូទេសចរណ៍នាពេលអនាគត ៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner