តួកគីចង់ធ្វើជាអ្នកសម្របសម្រួល ជុំវិញទំនាស់នៅរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីចា
តួកគី៖ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃសៅរ៍ទី០៣ខែកញ្ញា ឆ្នាំ២០២២ប្រធានាធិបតីតួកគី លោក រ៉េហ្ស៊ីប តាយីប អ៊ែរដូហ្គាន់ (Recep Tayyip Erdogan) បានប្រាប់ទៅមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថា តួកគីអាចធ្វើជាអ្នកសម្របសម្រួលជុំវិញបញ្ហានៅរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីចា ដែលកងទ័ពឈ្លានពានរុស្ស៊ីកំពុងកាន់កាប់។
សំណើនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ព្រមានថា បណ្ដាញអគ្គិសនីសំខាន់ចុងក្រោយនៅរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីចា ត្រូវបានកាត់ផ្ដាច់ ហើយឥឡូវនេះ រោងចក្រកំពុងពឹងផ្អែកលើបណ្ដាញខ្សែភ្លើងបម្រុង។
គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរត្រូវការអគ្គីសនីសម្រាប់ប្រព័ន្ធទឹកត្រជាក់ដើម្បីបញ្ចុះកម្ដៅរ៉េអាក់ទ័រ។ ប្រសិនបើប្រព័ន្ធទឹកត្រជាក់មិនដំណើរការទេ កម្ដៅនឹងកើនឡើងគ្រប់គ្រងលែងបាន ធ្វើឱ្យរ៉េអាក់ទ័ររលាយ ហើយសារធាតុវិទ្យុសកម្មដ៏មហន្តរាយនឹងសាយភាយចេញ។
ដោយមើលឃើញពីការព្រួយបារម្ភនាពេលកន្លងមកផង លោក អ៊ែរដូហ្គាន់ ប្រាប់ទៅលោក ពូទីន ថា តួកគី អាចដើរតួជាអ្នកសម្របសម្រួលនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីចា ដូចដែលតួកគីបានធ្វើក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលជាប់គាំងនៅកំពង់ផែក្រុងអូដេសេ។ រហូតមកទល់ពេលនេះ គេនៅមិនទាន់ឮការឆ្លើយតបរបស់រុស្ស៊ី ក៏ដូចជាអ៊ុយក្រែននៅឡើយ ចំពោះសំណើរបស់មេដឹកនាំតួកគី លោក អ៊ែរដូហ្គាន់ យ៉ាងដូច្នេះ។
កាលពីខែសីហាកន្លងទៅ រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសចា និងតំបន់ជុំវិញរោងចក្រនេះ បានរងការវាយប្រហារជាច្រើនលើកបន្តបន្ទាប់គ្នា ដោយភាគីទាំងសងខាងនៃជម្លោះ បានចោទប្រកាន់គ្នាទៅវិញទៅមកថាជា «ភេរវករនុយក្លេអ៊ែរ»។ ការវាយប្រហារនេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីមហន្តរាយ ចេញពីរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ទ្វីបអឺរ៉ុបមួយនេះ។
គួររំឭកថា រោងចក្រហ្សាប៉ូរីចា នៅតែបន្តដំណើរការដោយកម្មករជនជាតិអ៊ុយក្រែន បើទោះបីជាវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ីក៏ដោយ។ ដោយសាររោងចក្រនេះមានទីតាំងស្ថិតនៅជិតតំបន់ជួរមុខនៃសមរភូមិអ៊ុយក្រែន ប្រទេសលោកខាងលិច បានចោទប្រកាន់រុស្ស៊ីថា កំពុងយករោងចក្រនេះធ្វើជាមូលដ្ឋានទ័ពដើម្បីវាយប្រហារអ៊ុយក្រែន៕
ដោយ៖ហួន ឌីណា