គណបក្សប្រជាជនកម្ពុជាស្វាគមន៍ជំនួបជាមួយបក្សក្រៅរដ្ឋាភិបាល តែត្រូវកំណត់ប្រធានបទ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងស្វាគមន៍គណបក្សក្រៅរដ្ឋាភិបាលចំនួនបួន ដែលរួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា ដែលធ្លាប់បង្ហាញពីបំណងចង់ជួបរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ជជែកអំពីដំណើរការបោះឆ្នោតកន្លងមកនិងពេលខាងមុខ។ ក៏ប៉ុន្តែជំនួបនេះធ្វើទៅបាន ល្គឹកណាបក្សទាំងបួន មានប្រធានបទមួយច្បាស់លាស់។

ឯកឧត្តមបន្តថា «ខ្ញុំប្រាប់គន្លឹះមួយដែលចង់ជួបបានផលគឺមើលលើខ្លឹមសារនៃការចង់ជួបសិន។ ប៉ុន្តែបើគាត់ (គណបក្សទាំង៤)និយាយពីការបិទបង្អួចការិយាល័យនៅពេលរាប់សន្លឹកឆ្នោត តើជជែកធ្វើអី? បើទោះជាបិទក៏មានភ្នាក់ងារគណបក្សនយោបាយ ឬអ្នកអង្កេតការណ៍នៅក្នុងបន្ទប់ការិយាល័យដែរ។ អ្នកណាទៅ អាចលួចបន្លំសន្លឹកឆ្នោតបាន។ ហើយជាទូទៅ គាត់និយាយតែពីរឿងបិទបង្អួចការិយាល័យទេ តែគាត់អត់និយាយថា ភ្នាក់ងារគណបក្សនយោបាយគាត់នៅក្នុងហ្នុងទេ។»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ សង្កត់ធ្ងន់ទៀតថា ការបិទបង្អួចការិយាល័យពេលរាប់សន្លឹកឆ្នោត កន្លងមក ធ្វើឡើងដោយសារតែបញ្ហាធាតុអាកាសតម្រូវ។ «ភ្លៀង ខ្យល់ សាច គេអត់និយាយទេ។ គិតតែពីថា ការិយាល័យបោះឆ្នោតមួយចំនួនបិទទ្វារបង្អួចរាប់សន្លឹកឆ្នោត។ ដល់អ៊ីចឹងខ្ញុំយល់ថា នេះជារបៀបចាប់កំហុសរបស់គេមកលើ គ.ជ.ប ឬគណបក្សកាន់អំណាច ហើយបើសិនជាបិទទ្វារពេលរាប់សន្លឹកឆ្នោត មិនឱ្យអ្នកសង្កេតជាតិនិងអន្តរជាតិចូលទេ យើងមានសិទ្ធិប្ដឹងភ្លាមៗ គេដោះស្រាយភ្លាម។ នេះជានីតិវិធី គ.ជ.ប មិនមែនដូច លោក ថាច់ សេដ្ឋា គាត់ទៅនិយាយជាមួយអាស៊ីសេរី គេសួរថា ម៉េចមិនដាក់ពាក្យប្ដឹងភ្លាម? គាត់ទើបរៀបឯកសារប្ដឹង ទាំងដែលរំលងហួសពីរថ្ងៃទៅហើយ។ ចេះនិយាយអ៊ីចឹងទៅរួច។»

លោក គង់ មុនិកា ប្រធានគណបក្សឆន្ទៈខ្មែរចាត់ទុកថា ការស្វាគមន៍របស់អ្នកនាំពាក្យគណបក្សកាន់អំណាច ជាសញ្ញាវិជ្ជមានមួយថ្មីសម្រាប់គណបក្សទាំង៤។ លោក គង់ មុនិកា៖ «កន្លងមក យើងបានគិតគូរ ចង់ជួបគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចដែរ ប៉ុន្តែតាមរយៈកិច្ចសម្ភាសផ្សេងៗលើប្រព័ន្ធផ្សព្វផ្សាយ យើងបានឮ ឯកឧត្តម សុខ ឥសាន មិនទទួលជួបគណបក្សនយោបាយណាឡើយ។»
ប្រសិនបើជំនួបកើតឡើងមែន លោក គង់ មុនិកា បន្តថា ប្រធានបទដែលគណបក្សទាំង៤ គ្រោងលើកទៅជជែកជាមួយគណបក្សប្រជាជនកម្ពុជា គឺការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។

លោក គង់ មុនិកា៖ «បន្ទាប់ពីទទួលបានសញ្ញាវិជ្ជមានពីអ្នកនាំពាក្យគណបក្សកាន់អំណាច យើងនឹងផ្ដើមគិតគូរពីគម្រោងស្នើជួបនេះ ព្រោះគណបក្សកាន់អំណាចគឺជាគណបក្សដែលមានសំឡេងគ្រប់គ្រាន់ សម្រាប់ការឈានទៅធ្វើវិសោធកម្មច្បាប់ពាក់ព័ន្ធនានា ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធបោះឆ្នោត ឬសេរីភាពនយោបាយនៅកម្ពុជា។»
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លើកនៅថ្ងៃទី៥កញ្ញាថា វាជារឿងធម្មតាដែលអ្នកសុំជួប ត្រូវសម្របខ្លួនតាមភាគីម្ខាងទៀតដែលខ្លួនចង់ជួប។ លោក គិន ភា៖ «បើយើងសុំជួបគេ យើងដាក់លក្ខខណ្ឌមុន គេអត់បន្ទន់ខ្លួនទេ ព្រោះភាគីបក្សកាន់អំណាច គេអត់ត្រូវការបួនគណបក្សហ្នឹងទេ។ ជាទូទៅ ដើម្បីអាចជួបបានលុះត្រាតែភាគីសងខាងមានអារម្មណ៍ថា ការជួបនោះជាការសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងទទួលបានប្រយោជន៍ទាំងអស់គ្នា។ ហើយបើគោលបំណងនៃជំនួបនោះមានចេតនាធ្វើឲ្យភាគីម្ខាងទៀតបាក់មុខ ឬជាការផ្ចាញ់ផ្ចាល ខ្ញុំគិតថា ជំនួបគ្មានថ្ងៃកើតឡើងឡើយ។»

លោក គិន ភា ឱ្យយោបល់ថា គណបក្សទាំងបួនគួររកវិធីដែលមានលក្ខណៈចិត្តសាស្ត្រទន់ភ្លន់ជាងនេះ ដើម្បីសម្រេចបំណងជួបជាមួយគណបក្សកាន់អំណាច។ «យើងត្រូវទទួលស្គាល់គណបក្សប្រជាជនកម្ពុជា ដូចជាគ្មានភាពចាំបាច់ក្នុងការជួបជាមួយគណបក្សនយោបាយណាមួយឡើយ។ ដ្បិតគណបក្សប្រជាជនកម្ពុជា ជាគណបក្សធំស្រាប់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់កម្រិត ទាំងថ្នាក់មូលដ្ឋានដល់មជ្ឈិម និងសំបូរធនធានមនុស្ស ហើយកំពុងក្ដោបក្ដាប់អំណាច អ៊ីចឹងបើគណបក្សណាមួយចង់ជួបជាមួយនឹងគណបក្សប្រជាជនកម្ពុជា ត្រូវបង្ហាញសុឆន្ទៈចង់ឃើញការរីកចម្រើន ឬការស្ថាបនាទើបអាចទៅរួច។»

សូមជម្រាបជូនថា ក្រៅពីគណបក្សប្រជាជនកម្ពុជា គណបក្សទាំង៤នេះ ក៏មានបំណងចង់ជួបជាមួយស្ថាប័នរដ្ឋសភា និងក្រសួងមហាផ្ទៃ តែបរាជ័យ ឬមិនមានការឆ្លើយតប។ ម្ល៉ោះហើយគម្រោងរបស់គណបក្សទាំង៤ សម្រេចបានត្រឹមតែជួបជាមួយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ប៉ុណ្ណោះ ដែលតាមរយៈជំនួបនោះ សំណើ១៦ចំណុចលើកឡើងដោយគណបក្សទាំង៤ ភាគច្រើនត្រូវ គ.ជ.ប ច្រានចោល និងមួយចំនួនត្រូវបានរើសយកទៅពិចារណា។ សំណើដែលត្រូវច្រានចោល មានជាអាថិ៍ ស្នើសុំទម្លាក់បទចោទប្រឆាំងនឹងលោក សុន ឆ័យ បង្កើនចំនួនអាសនៈ បង្កើតការិយាល័យបោះឆ្នោតពិសេសព្រំដែនប៉ោយប៉ែត និងបែងចែកអាសនៈតាមរូបមន្តអ៊ុនតាក់។ នេះបើតាមខ្លឹមសារនៃសន្និសីទកាសែតរបស់គណបក្សទាំងបួនកន្លងមក៕
ដោយ៖អេង រាជនី

ads banner