អាជ្ញាធរខេត្តកណ្តាល និងមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ
ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់គល់ស្ពានព្រែកហូរ ក្នុងក្រុងតាខ្មៅ។
តាមរយៈការចុះពិនិត្យដល់ទីតាំងអនុវត្តការងារស្ថាបនាជាក់ស្ដែង ឯកឧត្ដមអភិបាលរងខេត្ត និងឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំគ្រប់អង្គភាពពាក់ព័ន្ធត្រូវអនុវត្តគម្រោងឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់លើការងារដែលកំពុងអនុវត្តធ្វើយ៉ាងណារក្សាឱ្យបាននូវ គុណភាព ប្រសិទ្ធភាព ស្របតាមបទដ្ឋានបច្ចេកទេស និងត្រឹមត្រូវតាម កិច្ចសន្យាគម្រោង ដោយធានាបាននូវការប្រើប្រាស់បានយូរអង្វែង។
បន្ថែមពីលើនេះ ឯកឧត្តម ថ្នាក់ដឹកនាំទាំងពីរ ក៏បានឱ្យក្រុមហ៊ុនស្ថាបនាផ្លូវត្រូវអនុវត្តយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពនៅការដ្ឋាន ចៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងត្រូវរៀបចំផែនការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ចៀសវាងការសាងសង់មានរយៈពេលយូរ ដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លើសពីនេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់ អភិបាលក្រុងតាខ្មៅ ក្រៅពីការស្ថាបនាផ្លូវនេះហើយត្រូវសិក្សាលើគម្រោងផ្លូវនានាថែមទៀត ពិសេសក៏ត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឲ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត ៕ ដោយ-រ៉ាវុធ



