អ្នកសេដ្ឋកិច្ចនិងអ្នកជំនាញអចលនទ្រព្យ មើលឃើញថាអនាគតល្វាឯមអាចក្លាយជាក្រុងទំនើបខណៈភ្នំពេញជាក្រុងអភិរក្ស
ភ្នំពេញ៖បន្ទាប់ពីប្រមុខរដ្ឋាភិបាលក្នុងពេលថ្មីៗនេះ បង្ហាញពីគម្រោងសិក្សាអភិវឌ្ឍន៍ស្រុកល្វាឯមឲ្យទៅជាទីក្រុងរណបនាពេលអនាគត អ្នកជំនាញអចលនទ្រព្យ បានមើលឃើញពីសក្ដានុពលក្នុងតំបន់នោះថា អាចនឹងទាក់ទាញគម្រោងអភិវឌ្ឍន៍នានាទៅវិនិយោគនៅទីនោះ ហើយតិចឬច្រើនតម្លៃដីធ្លីក៏អាចហក់ឡើងតាមដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ថា «ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលក្នុងការបង្កើតក្រុងល្វាឯម ជាសញ្ញាវិជ្ជមានមួយសម្រាប់អ្នកវិនិយោគប្រមើលមើលពីឱកាសក្នុងការរកស៊ីជួញដូរនៅម្ដុំនោះ។ ក៏ប៉ុន្តែ សម្រាប់ការអនុវត្តជាក់ស្ដែង ទាល់តែយើងដឹងពីពេលវេលាជាក់លាក់ថាតើគម្រោងទាំងអស់ហ្នឹងចាប់ផ្ដើមអនុវត្តនៅពេលណា? តែទោះជាយ៉ាងណាក៏ដោយ នៅតែជាសញ្ញាមួយក្នុងការបង្ហាញទំនុកចិត្តរបស់វិនិយោគិនថា យើងនឹងមានគម្រោងហ្នឹងណាមួយក្នុងក្រុងល្វាឯមពេលអនាគត»។
ទោះជាយ៉ាងណាក្តី បើតាមអ្នកវាយតម្លៃផ្នែកលក់ តម្លៃដីនៅតំបន់នោះមិនទាន់ហក់ឡើងនៅឡើយទេ។ ««បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម អ្នកវិនិយោគចាប់ផ្ដើមសម្លឹងមើលឱកាសហ្នឹងដែរ តែគិតមកដល់ពេលនេះតម្លៃមិនទាន់កម្រើកម្លៃនៅឡើយទេ»។
ដោយឡែក អ្នកសេដ្ឋកិច្ចមកពីរាជ្យបណ្ឌិតសភាកម្ពុជាលោក គី សេរីវឌ្ឍ លើកឡើងថា ល្វាឯមអាចក្លាយទៅជាទីក្រុងរណបនៅពេលអនាគតដែលអាចដើរតួនាទីសំខាន់ជាទីក្រុងទំនើប ព្រោះភ្នំពេញបច្ចុប្បន្ននឹងប្រែក្លាយជាទីក្រុងបុរាណ ដោយផ្អែកតាមរចនាសម្ព័ន្ធសំណង់និងផ្លូវថ្នល់បែបបុរាណបន្សល់ទុកច្រើន។ រីឯល្វាឯម នឹងក្លាយជាក្រុងទំនើបសម័យថ្មីដែលបង្ហាញពីការលូតលាស់របស់ប្រទេសកម្ពុជា ហើយម្យ៉ាងល្វាឯមនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញដោយមានស្ពានជាដំណភ្ជាប់ ដែលនឹងធ្វើឲ្យមានការលូតលាស់ផ្នែកអចលនទ្រព្យទៅជាមួយ។ លោក គី សេរីវឌ្ឍ បានបន្ថែម។
គួរបញ្ជាក់ជូនថា ស្រុកល្វាឯមស្ថិតនៅខេត្តកណ្ដាល មាន១៥ឃុំ និង៤៣ភូមិ។ នៅថ្ងៃទី៣១ សីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងថា លោកបាននិងកំពុងឲ្យសិក្សាបង្កើតក្រុងល្វាឯម ខេត្តកណ្តាល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តថា សម្តេចបានប្រាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ថា ទីក្រុងល្វាឯម មិនកាត់ចូល ឬស្ថិតក្រោមចំណុះរាជធានីភ្នំពេញទេ ប៉ុន្តែក្រុងល្វាឯម នឹងស្ថិតក្រោមចំណុះខេត្តកណ្តាល ដើម្បីខេត្តនេះមានមូលដ្ឋានពន្ធរបស់ខ្លួនគឺមានក្រុងតាខ្មៅ និងក្រុងល្វាឯម។
បើតាមប្រមុខរដ្ឋាភិបាល គំនិតផ្ដួចផ្ដើមបង្កើតក្រុងល្វាឯម បន្ទាប់ពីរដ្ឋាភិបាលសម្រេចចិត្តត្រូវក្នុងការអភិវឌ្ឍន៍ក្រុងរណបកោះពេជ្រ។ «បើមិនវិនិយោគលើកោះពេជ្រទេ នោះមិនមានក្រុងថ្មីនោះឡើយ គឺនៅតែជាតំបន់ដើមត្រែងយោល។ តែការអភិវឌ្ឍនេះ ក៏បានផ្តល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋខ្មែរ»៕
ដោយ៖អេង រាជនី