មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងជួយរារាំងការធ្លាក់ចុះក្នុងតំបន់

បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសវៀតណាម នៅឆ្នាំ២០២២ ចន្លោះពី ៦% ទៅ ៧% ដែលជាការកែប្រែការកើនឡើងដ៏សំខាន់តែមួយគត់ ក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗ នៅអាស៊ី។

IMF កត់សម្គាល់ថា ទស្សនវិស័យកំណើនលឿនរបស់វៀតណាមបានធ្វើឲ្យនិន្នាការកំណើនធ្លាក់ចុះ នៅកន្លែងផ្សេងទៀតក្នុងតំបន់អាស៊ី។ ការណ៍នេះបានបន្ទាបការប៉ាន់ស្មានសម្រាប់ទីផ្សារ ក្នុងតំបន់ដែលកំពុងរីកចម្រើនចំនួន ០.៨% និងសម្រាប់ប្រទេសសេដ្ឋកិច្ចសំខាន់ៗ ដូចជា ជប៉ុន ចិន និងឥណ្ឌា។

ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានជំរុញ ដោយគោលនយោបាយគាំទ្រដូចជា អត្រាការប្រាក់ទាប កំណើនឥណទានខ្លាំង និងកម្មវិធីរបស់រដ្ឋាភិបាលសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម អមដោយទិន្នផលផលិតកម្មដ៏រឹងមាំ និងការស្ទុះងើបឡើងវិញនៃសកម្មភាពលក់រាយ និងទេសចរណ៍ នេះបើតាមការចេញផ្សាយរបស់ IMF ។

អតិផរណារបស់ប្រទេសវៀតណាមបានកើនឡើងក្នុងរយៈពេលប្រាំបីខែដំបូង ក្នុងឆ្នាំ២០២២នេះ ប៉ុន្តែនៅតែទាបជាងគោលដៅ ៤% ដែលកំណត់ដោយធនាគាររដ្ឋវៀតណាម ដែលជាធនាគារកណ្តាលរបស់ប្រទេសនេះ។

ប៉ុន្តែ IMF ព្រមានថា អតិផរណាអាចនឹងកើនឡើង ខណៈដែលសកម្មភាពសេដ្ឋកិច្ចវិលទៅរកល្បឿនពេញលេញ ដោយសារតែ ការចំណាយខ្ពស់នៃការដឹកជញ្ជូន ជី និងចំណីសត្វទំនងជានឹងធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មដ៏ធំទូលាយ។ ការធ្លាក់ចុះសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់វៀតណាម រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏អាចកាត់បន្ថយតម្រូវការសម្រាប់ការនាំចេញផងដែរ។

ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុក្នុងប្រទេសសេដ្ឋកិច្ចធំៗ ដើម្បីទប់ស្កាត់អតិផរណា និងភាពមិនច្បាស់លាស់អំពីទីផ្សារពាណិជ្ជកម្ម និងហិរញ្ញវត្ថុសកល គឺជាកត្តាផ្សេងទៀតដែលវៀតណាមគួរតែមើលដែរ៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner