លោក ចូ បៃដិន បើកភ្លើងខៀវផ្តល់ជំនួយយោធាតម្លៃ ៦៧៥លានដុល្លារដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមផ្តល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ៦៧៥លានដុល្លារ ដែលជាការប្រកាសមួយបានកើតឡើងនៅពេលដែលលោកបានប្រមូលផ្តុំសម្ព័ន្ធមិត្ត ដើម្បីបន្តការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការគាំទ្រផ្នែកយោធាសម្រាប់រយៈពេលវែងឆ្ងាយ ។

លោក អូស្ទីន បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់មកពីប្រទេសសម្ព័ន្ធមិត្តនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ថា លោក បៃដិន បានឯកភាពហើយ លើការផ្តល់ជំនួយចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះ ។

លោកថា កញ្ចប់ជំនួយយោធានោះរួមមានកាំភ្លើងធំ howitzers, រថយន្តសង្គ្រោះរថពាសដែក, ប្រព័ន្ធប្រឆាំងរថក្រោះ និងយោធូបករណ៍ច្រើនទៀត។ លោក អូស្ទីន បានបញ្ជាក់យ៉ាងដូច្នេះថា សង្រ្គាមគឺស្ថិតនៅក្នុងពេលវេលាដ៏សំខាន់មួយទៀត ដោយកងកម្លាំងអ៊ុយក្រែនចាប់ផ្តើមការវាយលុករបស់ពួកគេនៅភាគខាងត្បូងនៃប្រទេស លោកថា ឥឡូវនេះ យើងកំពុងមើលឃើញពីជោគជ័យ ដែលបង្ហាញពីការខិតខំរួមរបស់យើងនៅលើសមរភូមិ។

ប្រមុខការពារជាតិអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងនឹងធ្វើការរួមគ្នាដើម្បីបណ្តុះបណ្តាលកងកម្លាំងរបស់អ៊ុយក្រែនសម្រាប់រយៈពេលដ៏យូរមួយ ហើយយើងក៏នឹងធ្វើការរួមគ្នា ដើម្បីជួយធ្វើសមាហរណកម្មសមត្ថភាពរបស់អ៊ុយក្រែន ក៏ដូចជាជំរុញប្រតិបត្តិការរួមរបស់ខ្លួនសម្រាប់រយៈពេលវែង៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner