ព្រឹទ្ធសភារៀបចំពិធីសម្ពោធស្លាកសមិទ្ធផលជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ ស្លាកសមិទ្ធផលលើការជួសជុលអគារក្រហម និងបណ្ណាល័យព្រឹទ្ធសភា ដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំពិធីសម្ពោធនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានជម្រាបជូនអង្គពិធីជ្រាបថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានឧបត្ថម្ភគាំទ្រលើគម្រោងជួសជុលកែលម្អ និងបំពាក់កម្មវិធីគ្រប់គ្រងបណ្ណាល័យអេឡិចត្រូនិច ដល់បណ្ណាល័យព្រឹទ្ធសភាកម្ពុជា ក្នុងទឹកប្រាក់ចំនួន ០៧ម៉ឺនដុល្លារអាមេរិក និងគម្រោងជួសជុលអគារក្រហម ក្នុងទឹកប្រាក់ចំនួន ៤២.៥០០ដុល្លារអាមេរិក ដើម្បីកែលំអបរិស្ថានការងារក្នុងព្រឹទ្ធសភាឱ្យកាន់តែល្អប្រសើរថែមទៀត។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនធាន បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាតែងរក្សាទំនាក់ទំនងចំណងមិត្តភាពជាមួយសាធារណរដ្ឋប្រជាមានិតចិន រួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងការជំរុញអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចាប់តាំងពីឆ្នាំ២០២១មក ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានផ្តល់ជំនួយលើគម្រោងជួសជុលអគារក្រហមនិងបណ្ណាល័យព្រឹទ្ធសភា នេះគឺជាភារកិច្ចដែលក្នុងនាមជាមិត្តដែកថែប។ ឯកឧត្តមមានជំនឿជឿជាក់ថា បន្ទាប់ពីបញ្ចប់គម្រោងទាំងពីរនេះរួច បរិយាកាសការងារក្នុងព្រឹទ្ធសភានឹងមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។

ឯកឧត្តម វ៉ាង វិនធាន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតនិងបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំចិនជំនាន់មុន និង ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។

ឯកឧត្តម វ៉ាង វិនធាន បានគូសបញ្ជាក់ថា ប្រទេសចិននិងប្រទេសកម្ពុជា គឺជាមិត្តដែកថែបយ៉ាងពិតប្រាកដ។ ភាគីចិនសូមថ្លែងអំណរគុណចំពោះការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាអំពីគោលការណ៍ចិនតែមួយ។ ភាគីចិនក៏គាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ភាគីកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ គាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន គាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ភាគីកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។
ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តមអគ្គលេខាធិការស្តីទីព្រឹទ្ធសភា និងប្រសាសន៍របស់ឯកឧត្តម វ៉ាង វិនធាន រួចមក ឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ដោយសេចក្តីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលតែងមានទំនាក់ទំនងជាប្រចាំ និងកាន់តែប្រសើរឡើង ទោះបីជាស្ថិតក្នុងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។ នេះបង្ហាញឲ្យឃើញពីទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំ និងមានភាពធននឹងវិបត្តិ មិនថាសម្រាប់ពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត ដែលទំនាក់ទំនងមិត្តភាពដែកថែបនេះ នឹងក្លាយទៅជាផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងកូនចៅកម្ពុជា-ចិន គ្រប់ជំនាន់ទៅមុខទៀត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានរំលឹកថា ជំនួយរបស់ប្រទេសចិនមកព្រឹទ្ធសភាកម្ពុជា នាពេលនេះមិនមែនជាជំនួយលើកទី១ ហើយរឹតតែមិនមែនជាជំនួយលើកចុងក្រោយនោះទេ ដោយសារតែប្រទេសចិនតែងយកចិត្តទុកដាក់ជួសជុល និងកែលម្អឲ្យកាន់តែប្រសើរទៅលើរាល់ហេដ្ឋារចនាសម្ព័ន្ធដែលជាជំនួយរបស់ប្រទេសចិន។ ជាក់ស្តែង អគារបណ្ណាល័យនេះត្រូវបានសាងសង់ ក្រោមជំនួយកិច្ចសហប្រតិបត្តិរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយនាពេលនេះត្រូវបានជួសជុលធ្វើទំនើបកម្មមកក្លាយជាបណ្ណាល័យអេឡិចត្រូនិច ដែលនេះគឺជាកាយវិការដ៏សប្បុរស ល្អប្រពៃ និងយកចិត្តទុកដាក់ខ្ពស់របស់មិត្តចិនមកលើប្រទេសកម្ពុជា។
ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានស្នើសុំដល់ឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ជួយជំរុញដល់គម្រោងកសាងអគារសាលប្រជុំរបស់ព្រឹទ្ធសភា ដែលមានការឯកភាពពីថ្នាក់ដឹកនាំរួចមកហើយនោះ ឲ្យបានចេញជារូបរាងឆាប់ៗនេះ ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់ព្រឹទ្ធសភាអាណត្តិទី៥ នាឆ្នាំ២០២៤ខាងមុខ និងសូមពិនិត្យលទ្ធភាព បន្តជួយផ្តល់ជំនួយសម្ភារៈបរិក្ខារបច្ចេកទេស គ្រឿងអេឡិចត្រូនិច មធ្យោបាយដឹកជញ្ជូន និងបន្តផ្តល់អាហាររូបករណ៍រយៈពេលវែង-ខ្លី ដល់មន្រ្តីផ្នែកស្រាវជ្រាវ ការទូតសភា ទំនាក់ទំនងអន្តរជាតិ ផ្នែកភាសាចិន និងទៅសិក្សាស្វែងយល់ពីសភានយោបាយប្រជាជនចិន និងបទពិសោធន៍តាមវិស័យនានា ដើម្បីចូលរួមបម្រើសេវាកាន់តែប្រសើរឡើងដល់សមាជិក និងថ្នាក់ដឹកនាំព្រឹទ្ធសភាកម្ពុជា៕ ដោយ / គ្រី សម្បត្តិ រូបភាពព្រឹទ្ធសភា

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner