ក្រសួងពាណិជ្ជកម្ម ជូនដំណឹងដល់អាជីវករចែកចាយផលិតផល ថ្នាំជក់ឲ្យគោរពតាមច្បាប់ពាក់ព័ន្ធនឹងការចែកចាយផលិតផលក្លែងក្លាយ ឬបន្លំម៉ាក
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងនៅថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២២ ទៅដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ទាំងអស់ ឲ្យគោរពច្បាប់ឲ្យបានត្រឹមត្រូវ តាមខ្លឹមសារឯកសារគតិយុត្ត ដែលបានចែងក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី៨ ខែកញ្ញា។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា រយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប តែងតែទទួលបានពាក្យបណ្តឹងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ ក្លែងបន្លំម៉ាកផលិតឡើងដោយបុគ្គលមួយចំនួន ដែលបាននិងកំពុងធ្វើចរាចរ ចែកចាយក្នុងប្រទេសកម្ពុជា។
ការចរាចរទាំងនេះ ជាការបំពានទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិដែលកំពុងនៅជាធរមានផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យខាតបង់ផលប្រយោជន៍ សេដ្ឋកិច្ចជាតិ ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនស្របច្បាប់ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។
ដើម្បីចូលរួមទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលអាចនៅតែបន្តកើតមានឡើងជាយថាហេតុ និងដើម្បីលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិតភាព ការប្រកួតប្រជែងប្រកបដោយសមធម៌ ការការពារផលប្រយោជន៍អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. បានក្រើនរំឭកដល់ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ ឲ្យគោរពឲ្យបានត្រឹមត្រូវ តាមខ្លឹមសារនៃច្បាប់។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថា មានបុគ្គលណាមួយបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងអំពើនិងការអនុវត្តមិនសុចរិតណាមួយនោះ ដោយមិនមានការលើកលែងឡើយ។
ជុំវិញបញ្ហានេះ លោក វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងប្រាប់ថា លោកមិនទាន់អាចដឹងថា បារីក្លែងក្លាយ ឬបន្លំ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងជាងបារីធម្មតាយ៉ាងណានោះទេ។
លោកថា៖ «ខ្ញុំគ្រាន់តែដឹងថា ការប្រើប្រាស់ថ្នាំជក់ និងការជក់បារីនៅប្រទេសកម្ពុជា គឺបណ្ដាលឲ្យប្រជាពលរដ្ឋស្លាប់១ម៉ឺន៥ពាន់នាក់ជារៀងរាល់ឆ្នាំ ហើយបើយើងគិតពីមួយថ្ងៃៗ ប្រហែលស្លាប់ជាង៤០នាក់ ដោយសារថ្នាំជក់នេះឯង»។
ការសិក្សាកន្លមករកឃើញថា សេដ្ឋកិច្ចកម្ពុជាត្រូវខាតបង់ គិតជាប្រាក់សរុបជាង៦៤៩លានដុល្លារ នៅក្នុងមួយឆ្នាំ ដោយសារតែផលប៉ះពាល់នៃបារីនិងថ្នាំជក់។ នេះបើយោងតាមការសិក្សារបស់អង្គការUNDP និងជាមួយអង្គការសុខភាពពិភពលោក(WHO)៕ ជា សុខនី
