អតីតយុទ្ធជនពិការនៅឃុំសាលាវិស័យ ទទួលបានខ្នងផ្ទះទី២០៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ចុះប្រគល់ខ្នងផ្ទះទី២០៩ អំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិ វាលល្ពាក ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ។

លោកពលបាលឯក ឡុង សីហា អាយុ ៥៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៧ នៅអង្គភាពកងពលលេខតូច១ ស្ថិតនៅត្រពាំងត្រោក ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវរបួសពិការដៃខាងឆ្វេង និងភ្នែកខាងឆ្វេង នៅក្នុងសមរភូមិនៅតំបន់ស្ពឺ ក្នុងអំឡុងឆ្នាំ១៩៩៥ បច្ចុប្បន្នជាបុរសពោះម៉ាយមានកូនក្នុងបន្ទុក៤នាក់ ដោយពុំមានជម្រកស្នាក់នៅសមរម្យ នៅលើដីខ្លួនឯង ព្រោះតែជីវភាពលំបាកខ្វះខាត ដោយឃើញពីការលំបាក ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៩ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ រួមគ្នាអនុវត្ត គោល នយោបាយ ភូមិឃុំមានសុវត្ថិភាព ត្រូវខិតខំប្រកបមុខរបរ រកទទួលទានដោយសុច្ចរិតទៀងត្រង់ ខិតខំថែរក្សាសុខភាពនិងបន្ត អនុវត្តវិធានការការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និង អញ្ជើញទៅចាក់ វ៉ាក់សាំង ដូសទី ៤ និង ដូសទី ៥ឲ្យបានគ្រប់ៗគ្នា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភបន្ថែមអង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ និងថវិកាមួយចំនួន លោកឡុង សីហា ជា បានសូមគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង បានប្តេជ្ញាចិត្តបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត ៕
ដោយ ប៊ុន រដ្ឋា

ads banner