អគារមត្តេយ្យសិក្សាជ្រៃ ១ខ្នង និងផ្លូវបេតុងអាមេ ១ខ្សែក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

បាត់ដំបង៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមត្តេយ្យសិក្សាជ្រៃ ១ខ្នង មាន ២បន្ទប់ និងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តម ស សុខា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតការយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ ជាពិសេស លើការរៀន និងបង្រៀន។ ឯកឧត្តម បញ្ជាក់ថា ឆ្លងតាមរយៈការវាយតម្លៃ ពីអង្គការសុខភាពពិភពលោក ធនាគារពិភពលោក និងដៃគូ មួយចំនួន ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនៅកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងតំបន់អាស៊ាន ក្នុងការកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ខណៈសិង្ហបុរី ជាប់លេខ១ និងប្រទេសថៃ ជាប់លេខ២ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ជាពិសេស លោកតា លោកយាយ វ័យចំណាស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងថែទាំសុខភាពឱ្យបានជាប្រចាំ ព្រមទាំង អនុវត្តន៍ឱ្យ បាន ខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងចូលរួម ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទៅតាមដំណាក់កាល ដែលរាជរដ្ឋាភិបាលផ្តល់ជូន។

ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ ក៏បាននាំយកអំណោយ របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៥០០គ្រួសារ នៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner