សាកលវីទ្យាល័យជាតិបាត់ដំបង(NUBB)និងដៃគូសហការ បានរៀបចំទិវាព័ត៌មាន ស្តីពី”ការបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់ កែច្នៃអាហារ និង នវានុវត្តន៍”

សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានសហការជាមួយសាកលវិទ្យាល័យដៃគូ ក្នុងប្រទេស រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ ក្នុងការរៀបចំនូវកម្មវិធីទិវាព័ត៌មាន ( FOODI INFO DAY ) តាមរយៈ នៃការបណ្តុះបណ្តាលរបស់ខ្លួន នៅក្នុងគម្រោងបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតី ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាលវិទ្យាល័យជាតិបាត់ដំបង ។

តាមរយៈការរៀបចំឲ្យមានកម្មវិធីនេះឡើងគឺផ្តោតសំខាន់ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយដើម្បីបញ្ជ្រាបអំពីវឌ្ឍនភាព នៃគម្រោង ក្នុងកម្មវិធីអប់រំនូវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ និងពីការចែករំលែកនូវចំណេះដឹង ឧត្តមភាព ព្រមទាំងបទពិសោធន៍ដែលទាក់ទងទៅនឹងការគ្រប់គ្រងក្នុងការផលិតចំណីអាហារ ឧស្សាហកម្មចំណីអាហារ នៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជាយើងសម្រាប់ថ្ងៃអនាគត។

លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង រ៉ូសមីនី អូម៉ា (Assoc.Prof.Dr.Rosmini Omar) ជាព្រឹទ្ធបុរស មហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ អាសម៉ាន់ហាស៊ីម នៃសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី និងជាអ្នកសម្របសម្រួលគម្រោងបានធ្វើ “បឋកថាគន្លឹះ” លើប្រធានបទ៖ «ការគ្រប់គ្រងអាហារក្រោយការរាតត្បាតជម្ងឺកូវីដ-១៩ តាមរយៈនៃ ការបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ»។

លោក អ៊ុល តុលា ជាប្រធានប្រតិបត្តិការក្រុមហ៊ុនអាហារ ម៉ីសូតា (MISOTA FOOD Company)ក៏បានធ្វើបឋកថាគន្លឹះដោយបានផ្តោតទៅលើប្រធានបទ៖ «ឧស្សាហកម្មអាហារនៅប្រទេសកម្ពុជាសម្រាប់ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងការនាំចេញ» ។

តាមការគូសបញ្ជាក់ពីលោកបណ្ឌិត សមរ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងគូសបញ្ជាក់ឲ្យដឹងថា៖ “គម្រោងបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ (FOODI)គឺផ្តោតនូវគោលបំណងសំខាន់ៗ រួមមាន៖
១.ការកែលម្អគុណភាពអប់រំ កម្រិតឧត្តមសិក្សានៅប្រទេសអាស៊ីទាំងបីរួមមានកម្ពុជា ម៉ាឡេស៊ី និងថៃ។ ២.ការកែលម្អកម្រិតសមត្ថភាពនិងជំនាញកម្រិតខ្ពស់សម្រាប់ទីផ្សារការងារក្នុងប្រទេស និងក្រៅប្រទេស។ ៣.ដើម្បីបើកការបណ្តុះបណ្តាលនូវ”ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្ត”។៤.ការលើកកម្ពស់សមត្ថភាព នវានុវត្តន៍និងអន្តរជាតូបនីយកម្មនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា តាមរយៈ នៃ ការបង្កើតនូវមជ្ឈមណ្ឌលឧត្តមភាពក្នុងការច្នៃអាហារ និង នវានុវត្តន៍ (FOODI)។

លោក ក៏បានបន្ថែមឲ្យដឹងទៀតថា៖ គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍ និងដើម្បីធ្វើការផ្លាស់ប្តូរឧត្តមានុវត្តន៍នៃការកសាងសមត្ថភាព នៅក្នុងវិស័យឧត្តមសិក្សា ដោយបានទទួលការគាំទ្រហិរញ្ញវត្ថុពីសហគមន៍អ៊ឺរ៉ុប ដែលមានដៃគូ ចំនួន ១៣អង្គភាព ៕ ដោយ៖អ៊ុក សំអាន

ads banner