ឯកឧត្តម រ័ត្ន វិរៈ ជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកនៅឃុំព្រះធាតុ
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋានឃុំព្រះធាតុ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៩គ្រួសារ ស្ថិតនៅភូមិទួលភ្នៅ និងភូមិក្បាលទឹក ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម រ័ត្ន វិរៈ បានលើកឡើងពីការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋជួបការលំបាកជានិច្ច។ ជាមួយគ្នានោះ ត្រូវតែការពារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរកសន្តិភាព ជូនប្រជាជន និងរក្សាការពារបាន នូវសុខសន្តិភាព ជូនប្រទេសជាតិ។ ក្នុងឱកាសនេះផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បងប្អូនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាមួយការរស់នៅ ហូប ស្អាត នាំមកនូវសុខភាពល្អ។
សូមបញ្ជាក់ថា ឯកឧត្តម រ័ត្ន វិរៈ និងក្រុមការងារ បានចែកជូនគ្រួសារប្រជាពលរដ្ឋ ជួបការលំបាកចំនួន២៩ គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ទឹកត្រី ទឹកស៊ីអ៊ីវ មី១០កញ្ចប់តូច ត្រីខ ១០កំប៉ុង និងថវិកាចំនួន ៤០ ០០០រៀល។ នៅក្នុងថ្ងៃដដែល ឯកឧត្តម រ័ត្ន វិរៈ បានចុះជួបសួរសុខទុក្ខ លោក ម៉ុន សំអូន ប្រធានសាខាបក្សភូមិទួលភ្នៅ ដែលមានជំងឺប្រចាំកាយ កំពុងសំរាកព្យាបាលនៅគេហដ្ឋាន និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១០ម៉ឺនរៀល។ ព្រមជាមួយគ្នានេះ ឯកឧត្តម បានឧបត្ថម្ភក្រុមការងារគណបក្សឃុំ និងសាខាបក្សភូមិទួលភ្នៅ និងភូមិក្បាលទឹក សរុបចំនួន ១៤នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៣ម៉ឺនរៀល។
សរុបការឧបត្ថម្ភរបស់ឯកឧត្តម រ័ត្ន វិរៈ និងក្រុមការងារ រួមមាន នំបុ័ង ១០០ដើម ថវិកាចំនួន ៤ ០០០ ០០០រៀល ៕




