ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ការបន្តអូសបន្លាយនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការកើនឡើងអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ការបន្តអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ដល់ការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូនជាដើម។ គិតមកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មានប្រមាណជាជិត១ឆ្នាំហើយ ដោយមិនទាន់មានសញ្ញាវិជ្ជមានណាមួយ ក្នុងការបញ្ចប់នៅឡើយទេ។
ថ្លែងក្នុងពិធីបើកវេទិកាភាពនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាការពិតស្របពេលអាស៊ាន បាននិងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញ ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្នក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល នៅមានភាពផុយស្រួយ និងងាយបែកខ្ញែក ។
សម្ដេចតេជោ បានបញ្ជាក់ថា ជាក់ស្ដែង ការបន្តអូសបន្លាយនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរ ជាពិសេស នៅក្នុងវិស័យទំនិញម្ហូបអាហារ។
សម្ដេចតេជោបានបន្ថែមថា ភាពតានតឹងនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព វិបុលភាព ក្នុងតំបន់ និងសកល ។ សម្ដេចថា បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពមានកម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ។ ការណ៍នេះ ទាមទារឲ្យមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញ ក្នុងការបង្កើតភាពជាដៃគូយ៉ាងស្អិតរមួត ប្រកបដោយភាពទូលំទូលាយ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល ៕ ដោយ វណ្ណលុក


