ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍បញ្ចប់ការបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាហើយ ក្រោយចំណាយពេលពេញមួយសប្តាហ៍
មីយ៉ាន់ម៉ា៖ បន្ទាប់ពីការចំណាយរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ទី២១ ខែកញ្ញា ឆ្នំា២០១៩នេះ ទីបំផុតប្រតិភូសារព័ត៌មានកម្ពុជា និងអន្តរជាតិ ក្នុងនោះរួមមានថៃ ចិន ជប៉ុន កូរ៉េ អូទ្រីស អេស្ប៉ាញ អាមេរិក អង់គ្លេស និងតួកគី រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ប្រមាណ១០០នាក់បានបញ្ចប់ការបំពេញទស្សនកិច្ចរបស់ខ្លួនជាផ្លូវការហើយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នំា២០១៩នេះ ។
សូមជម្រាបថា នាអំឡុងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូសារព័ត៌មានកម្ពុជា និងអន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍នៅប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរទៅស្វែងយល់ និងទស្សនាបណ្តាទីតំាងប្រាសាទបុរាណ និងវត្តអារាមរបស់ព្រះពុទ្ធសាសនា ដែលជាទីគោរពសក្តារៈបូជារបស់ពុទ្ធសាសនិកមានអាយុកាលរាប់រយឆ្នំា និង ការស្វែងយល់ពីការប្រកបអាជីវកម្មរបស់ប្រជាជន ក៏ដូចជារម្មណីយដ្ឋាន សណ្ឋាគារ និងគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតជាច្រើនរបស់មីយ៉ាន់ម៉ាផងដែរ ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែកញ្ញានេះ ក្រុមប្រតិភូបានទៅទស្សនាចេតិយ Kayminga និង ផ្សារលក់ទំនិញក្នុងតំបន់ប្រជុំជន Nyungoo ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងផ្សារនៅតាមបណ្តាខេត្តរបស់កម្ពុជាដែរ ។ ជាមួយគ្នានេះ ក្រុមប្រតិភូបានបន្តដំណើរទៅទស្សនាហាង និង កសិដ្ឋានកែច្នៃស្ករតោ្នត Pai Palm Sugar Farm and Shop ដែលជាទីតំាងយកទឹកតោ្នត ដើម្បីផលិតជាស្រាស ស្ករត្នោត របស់របរប្រើប្រាស់ និងវត្ថុអនុវស្សាវរីយ៍ជាដើម ។ បន្ទាប់មកក្រុមតិភូបានបន្តដំណើរទៅទស្សនាប្រាសាទ Ananda និង Htilominlo ដែលជាប្រាសាទបុរាណមានអាយុរាប់រយឆ្នំាមកហើយ ប៉ុន្តែនៅតែរក្សាបាននូវភាពស្រស់ស្អាត និងទាក់ទាញដដែលសម្រាប់ក្រសែភ្នែកភ្ញៀវទេសចរ ។ ក្រោយមកនាពេលរសៀលបន្តិច ក្រុមប្រតិភូបានទទួលបទពិសោធន៍ថ្មីមួយទៀត នោះគឺការជិះទូកទស្សនាទស្សនីយ៍ភាពនៅតាមដងទន្លេ ដើម្បីគយគន់ថ្ងៃលិច ។ ដោយឡែកនៅថ្ងៃទី១៩ ខែកញ្ញានេះ ក្រុមប្រតិភូបានធ្វើដំណើរតាមជើងហោហើរក្នុងស្រុករបស់មីយ៉ាន់ម៉ា ពីទីក្រុងបាហ្គាន ទៅកាន់ទីក្រុងមែនដាឡេ ។ ពេលទៅដល់ទីនោះ ក្រុមប្រតិភូត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលពាក់ព័ន្ធនឹងវិស័យទេសចរ មុនពេលបន្តដំណើរតាមរថយន្តក្រុងទៅទស្សនាប្រាសាទ Mahamuni ដែលជាប្រាសាទបុរាណមួយដ៏ល្បីល្បាញ និងមានអាយុកាលរាប់រយឆ្នំារបស់ទីក្រុងនេះ និង បានទៅទស្សនាទីតំាងសិប្បកម្មកែច្នៃមាស ដើម្បីយកទៅផលិតជាគ្រឿងអលង្ការ ដូចជា ចិញ្ចៀន ខ្សៃករ ខ្សៃដៃ និងមាសសន្លឹកជាដើម ។ បន្ទាប់មកក្រុមប្រតិភូបានបន្តដំណើរទៅទស្សនាទីតំាងលក់គ្រឿងលក់ត្បូង និងគ្រឿងអលង្កាដ៏មានតម្លៃនៅផ្សារទំនើប Yatanar Mall (Gems & Jewellery Shopping Mall) ព្រមទំាងបានទៅទស្សនាប្រាសាទ Golden Palace Monastery និង Kuthodaw ដែលជាប្រាសាទបុរាណ៍មានអាយុកាលរាប់រយឆ្នំាំមកហើយ និងជាទីគោរពសក្ការៈបូជារបស់ពុទ្ធសាសនិកមីយ៉ាន់ម៉ា ហើយនាពេលល្ងាច ក្រុមប្រតិភូបានបន្តដំណើរទៅកាន់ស្ពានឆ្លងកាត់ទន្លេ U Bein ដែលមានអាយុកាល២៥០ឆ្នំា និងមានប្រវែង១.៥គីឡូម៉ែត្រ ។ ដោយឡែកនៅថ្ងៃទី២០ ខែកញ្ញានេះ ក្រុមប្រតិភូបានបន្តដំណើរតាមជើងហោះហើរក្នុងស្រុករបស់មីយ៉ាន់ម៉ា ពីទីក្រុងមែនដាឡេ ទៅកាន់ទីក្រុងហេហូ ដោយពេលទៅដល់ទីនោះ ក្រុមប្រតិភូបានធ្វើដំណើរតាមទូកទេសចរតាមបឹង Inle ដែលជាបឹងមានបណ្តោយ១៦គីឡូម៉ែត្រ និងទទឹង៨គីឡូម៉ែត្រ និងជាបឹងធំជាងគេទី២របស់ប្រទេសមីយ៉ាន់ម៉ា មានផ្ទៃក្រឡាសរុបប្រមាណ១១៦គីឡូម៉ែត្រការ៉េ ។ បច្ចុប្បន្នបឹងនេះបានក្លាយជាគោលដៅទេសចរមួយ ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ាក៏កំពុងជម្រុញផ្សព្វផ្សាយតំបន់នេះជាប៉ូលស្រូបទាញភ្ញៀវទេសចរឱ្យកាន់តែខ្លំាងក្លាថែមទៀត ។ ជាមួយគ្នានេះ ក្រុមប្រតិភូបានបន្តដំណើរទៅទស្សនាទីតំាងសិប្បកម្មតម្បាញដោយប្រើសរសៃអំបោះយកចេញពីដើមឈូករបស់ប្រជាពលរដ្ឋក្នុងតំបន់នេះផងដែរ ដោយក្នុងនោះពួកគេអាចកែច្នៃទៅជាសម្លៀកបំពាក់ កាបូបស្ពាយ និងវត្ថុអនុវស្សាវរីយ៍ជាដើម ។ បន្ទាប់មកក្រុមប្រតិភូបានបន្តដំណើរទៅទស្សនាភូមិ Indein ជាភូមិតូចមួយដែលត្រូវបានគេស្គាល់ថា ជាបណ្តុំនៃវត្តអារាមបុរាណ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១៦ ។ ដោយឡែកនៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ ដែលជាថ្ងៃបញ្ចប់ដំណើរទស្សនកិច្ចខាងលើ ក្រុមប្រតិភូបានធ្វើដំណើរតាមជើងហោះហើរក្នុងស្រុករបស់មីយ៉ាន់ម៉ា ពីទីក្រុងហេហួ ទៅកាន់ទីក្រុងយុំាងហ្គោនវិញ ដោយនាពេលល្ងាចថ្ងៃដដែលនេះ ប្រតិភូសារព័ត៌មានកម្ពុជា និងអន្តរជាតិ រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ប្រមាណ១០០នាក់ត្រូវបានទទួលការស្វាគម ន៍យ៉ាងរាក់ទាក់ប្រកបដោយភាពសិ្នតស្នាល និងកក់ក្តៅពីសំណាក់ឯកឧត្តម U Ohn Maung,រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា លោកជំទាវ Maung Maung Kyaw អគ្គនាយកនៃក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា ព្រមទំាងមន្រ្តីជាន់ខ្ពស់ក្រសួង និងសមាជិក-សមាជិការសហព័ន្ធទេសចរណ៍មីយ៉ាន់ម៉ាជាច្រើនរូបទៀត ។ ហើយនៅចុងបញ្ចប់កម្មវិធីនេះ ប្រតិភូសារព័ត៌មានកម្ពុជា និងអន្តរជាតិ ក្នុងនោះរួមមានថៃ ចិន ជប៉ុន កូរ៉េ អូទ្រីស អេស្ប៉ាញ អាមេរិក អង់គ្លេស និងតួកគី រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ប្រមាណ១០០នាក់បានរំាលេងកម្សាន្តតាមចង្វាក់ និងបទភ្លេងបែបប្រពៃណីរបស់ជនជាតិមីយ៉ាន់ម៉ា ប្រកបដោយភាពស្និតស្នាល និង សប្បាយរីករាយផងដែរ ៕












