គ ជ ប ខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ
សៀមរាប ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ គ ជ ប ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ ដែលរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាក្រុងសៀមរាប។ ពិធីបើកវគ្គនេះ បានប្រព្រឹត្តិទៅដោយមានវត្តមាន ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ាម ស៊ីណា អនុប្រធាន ល.ខ.ប លោក ដឹប ឌឹន គ្រូបង្ហាត់ គ.ជ.ប និងអង្គភាព ស្ថាប័នពាក់ព័ន្ធ គណ:បក្សនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត បានបង្ហាញពី គោលបំណងអនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២ និងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២កន្លងមក។
ឯកឧត្តម បានបន្តថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ គឺចង់ឲ្យមន្ត្រីពាក់ព័ន្ធការងារបោះឆ្នោត ឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីបញ្ហាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ គឺជាការចុះឈ្មោះថ្មី ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អ្នកទើបបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីមកក្នុងឃុំ សង្កាត់ ការកែតម្រូវឈ្មោះ ឬទិន្នន័យ (ឬធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី) តាមសំណើសុំរបស់សាមីខ្លួន និងការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំពោះអ្នកដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។ ការងារទាំងនេះ ត្រូវធ្វើតាមប្រព័ន្ធកុំព្យូទ័រ និងការបញ្ចូនទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតមកនាយកដ្ឋាន គ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតជាប្រចាំ ដើម្បីរៀបចំបញ្ជីបោះឆ្នោតដំបូង សម្រាប់បិទផ្សាយបម្រើឱ្យគោលដៅនៃការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់ បន្ទាប់មកផ្តល់ សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់ប្រើប្រាស់តាមតម្រូវការនៃច្បាប់។
លោក អ៊ាម ស៊ីណា អនុប្រធាន ល.ខ.ប បានឡើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់ អាយុ១៨ឆ្នាំ គិតមកដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥) អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ ចូលថ្មីក្នុងឃុំ សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួន មិនត្រឹមត្រូវ ត្រូវទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ដែលមានទីតាំងនៅសាលាឃុំ សង្កាត់ ឬតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បីសុំចុះឈ្មោះបោះ ឆ្នោត និងសុំធ្វើការកែតម្រូវទិន្នន័យផងដែរ។
លោក បានបញ្ជាក់ទៀតថា ចំពោះការវគ្គសិក្សារយ:ពេល២ថ្ងៃនេះ គឺជាជំនួយដ៏សំខាន់សម្រាប់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍បោះឆ្នោត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីសិក្សាស្វែងយល់ និងរួមសហការអនុវត្តតាមតួនាទីរបស់ខ្លួន ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២កន្លងមកនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត និងរយៈពេលនៃការចុះឈ្មោះបោះឆ្នោតនោះ គឺជាគោលការណ៍ ការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវមានទីតាំងនៅសាលា ឃុំ សង្កាត់ ហើយការិយាល័យចុះឈ្មោះបោះឆ្នោតនេះ នឹងត្រូវប្ដូរទីតាំងទៅតាមភូមិ ក្នុងឃុំ សង្កាត់ មួយចំនួន។ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវរៀបចំឱ្យមានលក្ខណៈងាយស្រួលដល់ជនដែលមានពិការភាពក្នុងការសុំចុះឈ្មោះបោះឆ្នោត ៕ ដោយ ស៊ាន សុផាត



