សមាគមមីក្រូហិរញ្ញវត្ថុគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លើការផ្តល់ឥណទាននូវអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក
សៀមរាប៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ «អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ» ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។
ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា «សូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប»។
ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមលើកទឹកចិត្តដល់សមាជិករបស់សមាគមទាំងអស់ ដែលមានប្រតិបត្តិការក្នុងតំបន់ខាងលើនេះ មេត្តាសម្របសម្រួលផ្តល់ឥណទានថ្មីៗ ប្រកបដោយភាពងាយស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្រប ចំពោះប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅ មកភូមិធម្មជាតិរុនតាឯក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ កាយវិការនេះ គឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរ ដែលជាបេតិកភណ្ឌ័ពិភពលោក និងមនុស្សជាតិ។
សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាប ជូនប្រជាពលរដ្ឋ ដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ៕ ដោយ៖ ទីណា
