សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ាន ពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតង អាស៊ាន

សៀមរាប:នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះ នៅខេត្តសៀមរាប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញថាអាស៊ាន គួរពិចារណាលើគំនិតផ្តួចផ្តើម បង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)។

សម្តេចតេជោ ហ៊ុន សែន បានស្នើបែបនេះ ដោយយោងលើស្ថានភាពបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអនុញ្ញាតឲ្យតំបន់ របស់យើង អាចប្រែក្លាយខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅកាលពីខែសីហា កន្លងទៅនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលអាចអនុញ្ញាតឲ្យតំបន់របស់អាស៊ាន ធ្វើអន្តរកាលជាបណ្តើរៗ ទៅជាសហគមន៍ ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់វៃ។

ជាមួយគ្នានេះ ការងារគ្រប់គ្រងបរិស្ថានជាទូទៅ បានកំពុងមានការីកចម្រើន។ កម្ពុជា ក៏ដូចជាតំបន់មានមោទនភាព ដែលអាស៊ានផ្តល់សារៈសំខាន់ កាន់តែខ្លាំងថែមទៀត ដល់សកម្មភាព និងកិច្ចសហការផ្សេងៗ សម្រាប់តំបន់ និងសកល, ក្នុងនោះមានកិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលអាស៊ានកំពុងផ្តោតការគិតគូជាយុទ្ធសាស្ត្រ៕ ដោយ :គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner