មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា៖ ប្រាក់រៀលបានឆ្លងកាត់ ឧបសគ្គ ជាច្រើន មុននឹងទទួលបានទំនុកចិត្តដូចសព្វថ្ងៃ
កំពង់ធំ៖ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រាក់ រៀល បានឆ្លងកាត់ឧបសគ្គជាច្រើន មុននឹងទទួលបានទំនុក ចិត្តដូចសព្វថ្ងៃ និងជំរុញឱ្យមានការលើកកម្ពស់ក្នុងការប្រើប្រាស់ប្រាក់រៀល ។

លោកជំទាវថ្លែងដូច្នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រាក់រៀល នៅ ខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយ មានការអញ្ជើញចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្ត កំពង់ធំ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

លោកជំទាវបណ្ឌិតបានរំលឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ រាជរដ្ឋាភិបាល បានកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញ ពីបាតនៃទទេលើគ្រប់វិស័យ ដោយពេលនោះ ការងារចម្បងមួយ ក្នុងចំណោមការងារអាទិភាពនានា គឺការបោះពុម្ភប្រាក់រៀល ឡើងវិញ ដើម្បីសម្រួលដល់ប្រតិបត្តិការដោះដូរទំនិញ និងសេវា នៅក្នុងសេដ្ឋកិច្ច។ ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា នាពេលនោះ ប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨០ និងទទួលបានការសាទជាខ្លាំងពី សំណាក់ ប្រជាពលរដ្ឋគ្រប់រូប។

លោកជំទាវបញ្ជាក់ថា ទោះយ៉ាងណា ប្រាក់រៀលបានឆ្លងកាត់ ឧបសគ្គជាច្រើន មុននឹងទទួលបានទំនុកចិត្ត ដូចសព្វថ្ងៃ ។ ឧបសគ្គ ទាំងនោះរួមមាន៖ ភាពទន់ខ្សោយនៃសេដ្ឋកិច្ចជាតិក្នុង ទសវត្សរ៍ ឆ្នាំ១៩៨០ ដែលបង្កឱ្យថ្លៃទំនិញទូទៅក៏ឡើងខ្លាំង និងប្រាក់រៀល ធ្លាក់ថ្លៃ ការអូសបន្លាយនៃសង្គ្រាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ ដែលបានធ្វើឱ្យចរាចរណ៍ប្រាក់រៀលមិនមានភាពទូលំទូលាយនៅតំបន់មួយចំនួនជាមួយភាពផុយស្រួយនៃជំនឿទុកចិត្តមកលើប្រាក់រៀលនឹងលំហូរចូលនៃប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់មកក្នុងសេដ្ឋកិច្ចកម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលស ញ្ញាទាំង នេះ បានធ្វើឱ្យប្រជាជនក៏ដូចជាវិស័យឯកជន មានទម្លាប់ប្រើប្រាស់ ប្រាក់ ដុល្លារ អាមេរិកដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។

លោកជំទាវ ជា សិរី បានបន្ថែមថា ប្រឈមនឹងឧបសគ្គទាំងនេះ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវ គោល នយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេស ចាប់ តាំង ពីដើមទសវត្សរ៍ឆ្នាំ ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូ សេដ្ឋកិច្ច មានលំនឹងល្អប្រសើរ។ ការអនុវត្តគោលនយោបាយ ទាំងនេះ គូបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈ តម្លៃប្រាក់រៀល មានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំង ពី កំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជន មកលើ ការប្រើប្រាស់ប្រាក់រៀល។

យោងតាមទិន្នន័យអង្កេត បានអះអាងថា យ៉ាងហោចណាស់ ប្រជាពលរដ្ឋខេត្តកំពង់ធំ ៨០ភាគរយ បានចំណាយប្រចាំថ្ងៃ ជាប្រាក់រៀល ។ ជាមួយនេះ ចំណូល-ចំណាយប្រតិបត្តិការ
រ បស់គ្រឹះស្ថានធនាការ និងរញ្ញវត្ថុ នៅខេត្តកំពង់ធំ ជាប្រាក់រៀល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ ចំណូល-ចំណាយប្រតិបត្តិការជាប្រាក់ រៀលបាន កើនឡើង ១៧៦ភាគរយធៀបនឹងរយៈពលដូចគ្នាកាលពី៥ឆ្នាំមុន និងខ្ពស់ជាងប្រាក់ដុល្លារ ដែលបាន កើនត្រឹម ១២ភាគរយ ប៉ុណ្ណោះ ។ ដូចនេះ លោកជំទាវសូមថ្លែងការកោតសរសើរ និង រាយតម្លៃ ខ្ពស់ចំពោះ ការរួមចំណែករបស់ប្រជាជន នៅខេត្តកំពង់ធំទាំងអស់ ក្នុងការចូលរួមលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល។
ក្នុងឱកាសនេះដែរ លោកស្រី លំ គន្ធារី បានសង្កតឃើញថា ការ ចាយវាយប្រាក់រៀលនៅខេត្តកំពង់ធំ ពីសំណាក់ប្រជាពលរដ្ឋ មានច្រើនគួរជាទីមោទនៈ ជាពិសេស ការចំណាយប្រចាំថ្ងៃ ដូចជា៖ ម្ហូបអាហារ កេសជ្ជៈ សម្លៀកបំពាក់ នឹងការធ្វើដំណើរជាដើម បើទោះបីជាខេត្តកំពង់ធំជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរបរទេស ដែលបាននាំមកនូវប្រភពចំណូល ជារូបិយប័ណ្ណបរទេសយ៉ាងច្រើនដល់ប្រជាពលរដ្ឋប្រកបរបរក្នុងវិស័យទេសចរណ៍ និងសេវាកម្ម ពាក់ព័ន្ធយ៉ាងណាក៏ដោយ។
លោកស្រីអភិបាលរងខេត្ត ក៏បានយកឱកាសនេះ សំដែងការ កោតសរសើរ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស ដែលមានវត្តមាននៅក្នុងត្តកំពង់ធំ ឱ្យបន្តចូលរួម ប្រើប្រាស់ប្រាក់រៀល ជំនួសឱ្យរូបិយប័ណ្ណបរទេសឱ្យកាន់តែ ច្រើនឡើងថែមទៀត ពីព្រោះ ប្រាក់រៀល ជារូបិយវត្ថុជាតិរបស់យើង ទាំងអស់គ្នា ៕
ដោយ ៖វ៉េង លីមហួត