តុលាការធម្មនុញ្ញថៃ នឹងចេញសេចក្ដីសម្រេចជាផ្លូវការ នៅ ថ្ងៃទី៣០ខែកញ្ញា អំពីបញ្ហាតំណែងជានាយករដ្ឋមន្ដ្រីរបស់លោក ប្រាយុទ្ធ
ថៃ៖តុលាការធម្មនុញ្ញថៃ នឹងសម្រេចនៅថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ថាតើលោក ប្រាយុទ្ធ ចាន់អូចា អាច ឬ មិនអាចបន្តតំណែង ជានាយករដ្ឋមន្ដ្រីរបស់ថៃ តទៅទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់តុលាការធម្មនុញ្ញថៃ ចេញផ្សាយ នៅថ្ងៃពុធ ទី១៤ ខែកញ្ញានេះ។
គួររំឭកបន្តិចថា កាលពីថ្ងៃទី២៤សីហា តុលាការធម្មនុញ្ញថៃ បាន សម្រេចព្យួរលោក ប្រាយុទ្ធ ចាន់អូចា ពីមុខតំណែងនាយករដ្ឋមន្ដ្រី ជាបណ្ដោះអាសន្នសិន។ ការសម្រេចនេះ ធ្វើឡើងតាមបណ្ដឹង ជំទាស់របស់គណបក្សប្រឆាំងថៃ ដែលអះអាងថា លោកប្រាយុទ្ធ ចាន់អូចា បានកាន់មុខតំណែងអស់រយៈពេលប្រាំបីឆ្នាំហើយ ដែល ជារយៈពេលអតិបរមា កំណត់ដោយរដ្ឋធម្មនុញ្ញឆ្នាំ២០១៧។
ប៉ុន្តែក្រុមអ្នកតំណាងផ្នែកច្បាប់របស់លោក ប្រាយុទ្ធ ចាន់អូចា ដែលត្រូវព្យួរតំណែងនាយករដ្ឋមន្ត្រី បានដាក់បណ្តឹង ជំទាស់ទៅ នឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដោយទាមទារឲ្យលោកប្រាយុទ្ធ អាចបន្តតំណែង គ្រប់ គ្រងប្រទេសតទៅទៀត។ ក្រុមអ្នកច្បាប់របស់លោក ប្រាយុទ្ធ បានដាក់ឯកសារកម្រាស់ជាង៣០ទំព័រទៅកាន់តុលាការធម្មនុញ្ញថៃ បញ្ជាក់ពីគោលការណ៍ច្បាប់ជាច្រើន ដែលបង្ហាញពីកាលបរិច្ឆេទ ចាប់ផ្តើម កាន់តំណែងរបស់លោកប្រាយុទ្ធ។
ជាអំណះអំណាងបង្ហាញថា លោក ប្រាយុទ្ធ ចាន់អូចា មិនបាន ចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រីថៃក្នុងឆ្នាំ២០១៤ទេ តែអាចផ្តើមនៅ ឆ្នាំ២០១៧ ឬ ២០១៩។
ការឡើងកាន់តំណែងនាយករដ្ឋមន្រ្តីរបស់លោកប្រាយុទ្ធត្រូវបានធ្វើឡើងជាពីរដំណាក់កាល គឺដំណាក់កាលមិនផ្លូវការ និងដំណាក់កាល ផ្លូវការ។ ដំណាក់កាលមិនផ្លូវការ គឺលោកបានកាន់តំណែង ក្រោយ រដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាល ដឹកនាំដោយលោកស្រី យីង ឡាក់ កាលពីថ្ងៃទី២៤ សីហា ឆ្នាំ ២០១៤។ ដំណាក់កាលផ្លូវការ លោកបានបន្តកាន់តំណែងនាយករដ្ឋមន្រ្តី នៅក្រោយការបោះឆ្នោត សភាស្របច្បាប់ នៅថ្ងៃទី២៤ មីនា ឆ្នាំ ២០១៩។
ចាប់តាំងពីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវតុលាការព្យួរតំណែង នាយករដ្ឋមន្ដ្រី លោកបានបន្តបម្រើការងារជារដ្ឋមន្ត្រី ក្រសួងការពារ ជាតិ ជាធម្មតា។ ចំណែកលោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ាន បានឡើងមកធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន៕ ដោយ៖ កែវ កិរិយា