ប្រទេសកម្ពុជា ទទួលបានជំនួយជាអគារ និងម៉ាស៊ីនផលិត អុកស៊ីហ្ស៊ែន ថ្មីមួយពីរដ្ឋាភិបាលអាមេរិក
ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងយកខេត្តព្រះវិហារជាខេត្តដំបូង គេក្នុងការ ដំឡើងអគារ និងម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែន ដែលជាជំនួយរបស់ រដ្ឋាភិបាលអាមេរិក ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួនជិត ៣០០ ០០០នាក់។ នេះបើតាមការចេញផ្សាយរបស់ ស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

អគារ និងម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែននេះ គឺមានទីតាំងនៅមន្ទីរ ពេទ្យបង្អែកខេត្ត ១៦ មករា ដែលបានបម្រើដល់ស្រុកចំនួន៧ នៃខេត្តព្រះវិហារ និងដែលមានប្រជាជនប្រមាណ ២៨៤ ០០០ នាក់។នេះជាមូលនិធិរបស់ទីភ្នាក់ងារអាមេរិកដើម្បីការអភិវឌ្ឍ អន្តរជាតិ (USAID) និងត្រូវបានសាងសង់ក្នុងភាពជាដៃគូជាមួយ អង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា។

លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ ប្រចាំ កម្ពុជា បាននិយាយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហរដ្ឋ អាមេរិក និងជាពិសេសទីភ្នាក់ងារ USAID សម្រាប់ជំនួយ ម៉ាស៊ីន ផលិតអុកស៊ីហ្ស៊ែនថ្មី ដែលផ្ដល់សារៈប្រយោជន៍ជួយ សង្គ្រោះជីវិត មនុស្ស លើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា និងបង្កើតភាព ធន់ចំពោះបញ្ហាប្រឈមនៅថ្ងៃអនាគត។

លោកស្រីលើកឡើងថា៖ «អុកស៊ីហ្ស៊ែន អាចធ្វើឱ្យមានភាព ខុសគ្នា រវាងជីវិត និងសេចក្តីស្លាប់ នេះជាមូលហេតុ ដែលអង្គការ យូនីសេហ្វ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់ អុកស៊ីហ៊្សែននិងហេដ្ឋារចនាសម្ព័ន្ធ ទន្ទឹមនឹងការកសាង សមត្ថភាព បុគ្គលិកសុខាភិបាលក្នុងការប្រើប្រាស់វា»។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា៖ «ម៉ាស៊ីននេះនឹងបំពេញតម្រូវការ ផលិតអុកស៊ីហ្ស៊ែន សម្រាប់សេវាសំខាន់ៗដូចជា ការព្យាបាល អ្នកជំងឺកូវីដ១៩ ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង ១៦លានដុល្លារ នៅក្នុងការគាំទ្រ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺរាតត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណង ទាក់ទងដ៏រឹង មាំនៃប្រទេសទាំងពីររបស់យើង»។

សូមរំលឹកថា ម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែន ជាម៉ាស៊ីនដែល អាច ផលិតអុកស៊ីហ្ស៊ែនចំនួន ៣០០លីត្រក្នុងមួយនាទី (LPM) ជាមួយនឹងស្ថានីយផ្ទុកដែលមានបំពង់ស៊ីឡាំង និងតភ្ជាប់ទៅបំពង់ អុកស៊ីហ្ស៊ែនរបស់មន្ទីរពេទ្យ។ ដូច្នេះវានឹងជួយសន្សំសំចៃពេលវេលា ថវិកា របស់មន្ទីរពេទ្យ ដើម្បីកាត់បន្ថយការប្រឈមនឹង កង្វះអុក ស៊ីហ្ស៊ែន ដែលបង្កគ្រោះថ្នាក់ដល់ការព្យាបាលអ្នកជំងឺ៕ ដោយ៖ ជា សុខនី