អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលតំណាងឲ្យភាគីសហជីព៖រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពរស់នៅ របស់កម្មករ កម្មការិនី
ភ្នំពេញ៖លោក គឹម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលតំណាងឲ្យភាគីសហជីពបានបញ្ជាក់ថារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បំផុតទៅលើជីវភាពរស់នៅរបស់កម្មករ កម្មការិនី ក៏ដូចជាការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំជូនកម្មករ កម្មការិនី។
លោក គឹម ចាន់សំណាង បានប្រាប់AMS នៅថ្ងៃទី១៥ ខែកញ្ញានេះថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់ ពួកគាត់ (កម្មករ កម្មការិនី)ដែលពួកគាត់កំពុងតែធ្វើការងារជាប្រចាំ។ជាពិសេសកម្ពុជាមានយន្តការត្រីភាគីដែលជាយន្តការ មួយធ្វើឲ្យកម្មករ កម្មការិនី ជឿទុកចិត្តទៅលើយន្តការនេះដែលតែងតែចរចាជូនពួកគាត់ជារៀងរាល់ឆ្នាំលើការចរចាអំពីប្រាក់ឈ្នួលនេះ។ពិសេសបច្ចុប្បន្ន កំពុងតែមានការចរចាសម្រាប់ដំឡើងប្រាក់ឈ្នួលនៅក្នុងឆ្នាំ២០២៣ សម្រាប់ពួកគាត់។ ដូច្នេះពួកគាត់តែងតែទទួលការសាទរជារៀងរាល់ឆ្នាំមុនពេលចូលបុណ្យភ្ជុំបិណ្ឌនិងរីករាយការទទួលយកការដំឡើងប្រាក់ ឈ្នួលនេះ។

លោកបន្តថា ទោះបីជាស្ថានភាពកូវីដបង្កការលំបាកនៅលើពិភពលោកក៏ដោយ តែនៅកម្ពុជាតែងតែមានការចរចាដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំជូនកម្មករ កម្មការិនី ទោះបីជាប្រទេសជិតខាងពុំមានការដំឡើងប្រាក់ឈ្នួលក៏ដោយ។ក្នុងការចរចា
ដំឡើងប្រាក់ឈ្នួលនេះ យើងឃើញថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតែងតែដំឡើងនូវថវិកាមួយចំនួន។ ជាពិសេសកន្លងមករយៈពេលពីរឆ្នាំមកនេះគឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានដំឡើងចំនួន ពីរដុល្លារជារៀងរាល់ឆ្នាំ ខណៈប្រទេសជិតខាងពុំមានយន្តការនេះ ហើយក៏ពុំមានដំឡើងប្រាក់ឈ្នួល ។
អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលតំណាងឲ្យភាគីសហជីពបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែផ្តល់បន្ថែមចំពោះការដំឡើងប្រាក់ឈ្នួលនេះជារៀងរាល់ឆ្នាំជូនកម្មករ កម្មការិនី។លោកសង្ឃឹមជឿជាក់ថា នៅថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ នឹងមានការដំឡើងជូនកម្មករ កម្មការិនី ដោយជាទីគាប់ចិត្តនៅក្នុងស្ថានភាពដ៏លំបាកនេះ។
លោកបានលើកឡើងថា ចំពោះគណបក្សនយោបាយមួយចំនួនដែលតែងតែទាមទារដំឡើងប្រាក់ឈ្នួលចំនួន ៣០០ដុល្លារ នោះមិនមែនជាយន្តការត្រីភាគីទេ។ជាយន្តការរបស់គណបក្សនយោបាយនីមួយៗ ដែលលោកគិតថាគណបក្សនយោបាយ នេះឆ្លៀតឱកាសព្រោះគេដឹងហើយថារាជរដ្ឋាភិបាលមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ។យន្តការត្រីភាគីដែលមាន ឈ្មោះថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គឺមានតំណាងមកពីខាងនិយោជក តំណាងមកពីខាងនិយោជិតនិងតំណាង មកពីខាងរាជរដ្ឋាភិបាល។យន្តការនេះតែងតែចរចាដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំដែលមានការជជែកពិភាក្សាទៅលើទិន្នន័យច្បាស់លាស់មិនមែនដូចជាគណបក្សមួយចំនួនដែលចេះតែនឹកឃើញហើយយកមកស្នើទាមទារខុសនឹងនីតិវិធីស្ថានភាពបច្ចុប្បន្ន។យន្តការនេះ គឺជាយន្តការមួយដែលមានក្រុមការងារបច្ចេកទេសដែលតែងតែលើកនូវលក្ខណៈវិនិច្ឆ័យទាំង ៧ សម្រាប់យកមកធ្វើការវិភាគក្នុងការដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ កម្មការិនី ជារៀងរាល់ឆ្នាំ៕ ដោយ៖ពលជ័យ