សិក្ខាកាមកីឡាកូនគោលប្តេជ្ញាចិត្តនាំយកចំណេះដឹងទទួលបានពីវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ចែករំលែកដល់ក្មេងជំនាន់ក្រោយ ដើម្បីអភិវឌ្ឍវិស័យកីឡាវាយកូនគោលនៅកម្ពុជាឲ្យកាន់តែរីកចំរើន
បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ (R&A Level 2 – Rules Seminar 2022) រៀបចំដោយ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែ កក្តដា ឆ្នាំ២០២២ នៅទីលានកីឡាវាយកូនគោល ហ្គាឌិនស៊ីតធី បង្ហាត់បង្រៀន ដោយគ្រូឧទ្ទេសជំនាញមក២រូបរបស់ប្រទេសសង្ហបុរីមកពីស្ថាប័នអង្គការ R&A ធ្វើឲ្យសិក្ខាកាមកីឡាវាយកូនគោលដែលជាមន្រ្តីសហព័ន្ធ តំណាងក្លឹប និងកីឡាករកីឡាការិនីទទួលបានចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនិងច្បាប់កូនគោលដែលជាស្តង់ដាកំណត់ដោយអន្តរជាតិ។
ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់ពិធីបិទវគ្គបណ្តុះបណ្តាល សិក្ខាកាមកីឡាវាយកូនគោល២រូប គឺ លោក សុខ ធារ៉ា អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និង លោក យឹម រ៉ាដា មកពីក្លឹបកីឡាវាយកូនគោល ស៊ីជីអេ បានបង្ហាញចំណាប់អារម្មណ៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាបានផ្តល់ចំណេះដឹងថ្មីពាក់ព័ន្ធនិងច្បាប់កូនគោលគេប្រើប្រាស់នៅអន្តរជាតិ ដែលពួកគាត់ពុំធ្លាប់ដឹងពីមុនមកនោះទេ ។ ដោយហេតុថា កន្លងមក ការអនុវត្តក្នុងទីលានពេលប្រកួត គឺច្បាប់ទាំងនោះ យល់ដឹងតាមរយៈការប្រាប់តគ្នា និងមើលតាមរយៈវីដេអូយូធូបប៉ុណ្ណោះ។ ដូច្នោះហើយ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃកន្លងមកនេះ បានធ្វើឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីច្បាប់ដែលជាស្តង់ដាលក្ខន្តិកៈរបស់អន្តរជាតិ។
ពួកគាត់បានប្តេជ្ញាចិត្តថា នឹងនាំយកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលពីគ្រូជំនាញ២រូបដែលមកពីស្ថាប័នអង្គការ R&Aយកទៅចែករំលែកបន្តដល់យុវជនផ្សេងៗទៀត ដែលមិនបានចូលរួមបានយល់ដឹងអំពីច្បាប់កីឡាវាយកូនគោលអន្តរជាតិ ដើម្បីជួយអភិវឌ្ឍកីឡាវាយកូនគោលនៅកម្ពុជាកាន់តែរីកចំរើន ។ ទន្ទឹមជាមួយគ្នានេះ សិក្ខាកាមទាំង២រូបខាងលើនេះ ក៏សង្ឈឹមជឿជាក់ថា ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលលើកទី១នេះ នឹងក្លាយជាស្ពានឈានទៅកាន់វគ្គជាបន្តបន្ទាប់ទៀត ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ដើម្បីក្លាយជាអាជ្ញាកណ្តាលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដោយឡែក លោក ឆោម សំបូរ ជាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងថា លោកអគ្គលេខាធិការរងបានបញ្ជាក់ផងដែរថា សមិទ្ធផលនាថ្ងៃនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើង វាពិតជាកើតចេញពីកិច្ចសហការ ការចូលរួម និងកិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា សម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡាវាយកូនគោលកម្ពុជា ឱ្យមានសមត្ថភាព ប្រកបដោយជំនាញវិជ្ជាជីវៈ និងគុណផលកីឡា ស្របតាមស្តង់ដាកម្រិតអន្តរជាតិ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍវិស័យកីឡាវាយកូនគោលកម្ពុជា និងត្រៀមសហការចូលរួមរៀបចំការប្រកួតព្រឹត្តិការណ៍កីឡា SEA GAME – ASEAN PARA GAME 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការអភិវឌ្ឍវិស័យកីឡាវាយកូនគោលចាំបាច់ត្រូវមានការចូលរួមទាំងផ្នែករដ្ឋ និងឯកជន ជាពិសេសការចូលរួមរបស់ស្ថាប័នអង្គការជាតិ អន្តរជាតិ ដែលជាភាគីផ្តល់សេវាបណ្តុះបណ្តាលជំនាញ ចំណេះដឹង បទពិសោធន៍ល្អៗ ឱ្យឆ្លើយតបទៅនឹងតម្រូវការ ក្នុងការអភិវឌ្ឍវិស័យកីឡាវាយកូនគោលនៅកម្ពុជា។ ក្នុងន័យនេះ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានខិតខំស្វែងរកស្ថាប័នអង្គការជាតិ អន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពគណៈកម្មការ អាជ្ញាកណ្តាល កីឡាករ កីឡាការិនី ក្នុងកម្រិតអន្តរជាតិ។
លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័នអង្គការអន្តរជាតិ R&A ដែលបានគាំទ្រ និងសហការបានយ៉ាងល្អ ក្នុងការបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពគណៈកម្មការ អាជ្ញាកណ្តាល ឆ្លើយតបទៅនឹងស្តង់ដាកម្រិតអន្តរជាតិ ជាពិសេសជំរុញ និងលើកកម្ពស់សមត្ថភាពកីឡាករ កីឡាការិនី ឱ្យមានសក្តានុពល គុណផលកីឡា និងបច្ចេកទេសលេងកីឡាកម្រិតអន្តរជាតិ ជាពិសេសសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលារយៈពេល ០៣ថ្ងៃ ដើម្បីទទួលយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗពីវគ្គបណ្តុះបណ្តាលនេះ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័នអង្គការអន្តរជាតិ R&A ដែលមានលោកគ្រូ Jin Woo Kim លោក KP Ling និងមន្រ្តីសហព័ន្ធកីឡាវាយកូនគោលកម្ពុជាទាំងអស់ ក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២ ដល់គណៈកម្មការ អាជ្ញាកណ្តាល មន្រ្តីសហព័ន្ធកីឡាវាយកូនគោល សមាជិកក្លិបកីឡាវាយកូនគោល កីឡាករ កីឡាការិនី ដោយទទួលបាននូវចំណេះដឹង ជំនាញ បទពិសោធន៍ល្អៗ ដែលជាលទ្ធផលដ៏ល្អប្រសើរនាពេលនេះ៕អត្ថបទ៖ ជាវ ចន្ធូ

