ប្រធានអង្គការយូនីសេហេ្វប្រចាំកម្ពុជា ៖ អង្គការយូនីសេហ្វ នឹងបន្តជួយដល់កម្ពុជា ក្នុងការជម្រុញការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួសម និងជម្រាបលា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពេលឱកាសបញ្ចប់បេសកកម្មការងារនៅកម្ពុជា, លោកស្រី ហ្វារូជ ហ្វូយូហ្សាត ប្រធានអង្គការយូនីសេហេ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា អង្គការយូនីសេហ្វ នឹងបន្តជួយដល់កម្ពុជាក្នុងការជម្រុញការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា សំដៅលើកកម្ពស់សុខុមាលភាពស្ត្រីមានផ្ទៃពោះ និងកុមារនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។
លោកស្រី ហ្វារូជ ហ្វូយូហ្សាត មានប្រសាសន៏បន្តថា លោកស្រីមានមោទនភាពដែលបំពេញការងារនៅកម្ពុជា និងសូមអរគុណដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលកន្លងបានសហការយ៉ាងជិតស្និត និងទូលំទូលាយជាមួយអង្គការយូនីសេហ្វ ដែលធ្វើឲ្យបេសកកម្មការងាររបស់លោកស្រីនៅកម្ពុជាទទួលបានជោគជ័យ លើការងារគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម ដែលបង្ហាញពីវឌ្ឍនភាព និងលទ្ឋផលគួរឲ្យកត់សម្គាល់នាពេលកន្លងមក។ លោកស្រីបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ ភាពក្រិសក្រិនរបស់កុមារនៅកម្ពុជា មានភាពល្អប្រសើរ តែភាពស្គាំងស្គមរបស់កុមារនៅរក្សាអត្រា១០% ដដែល។ ដូចនេះ អង្គការយូនីសេហ្វ នឹងបន្តកៀរគរថវិកាដើម្បីបន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។ លោកស្រី ក៏បានស្នើសុំអនុសាសន៏ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការសម្របសម្រួលជាមួយអន្តរវិស័យដើម្បីជម្រុញការបំបៅកូនដោយទឹកដោះម្តាយ និងលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហការរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៏សង្គម ជាពិសេសការជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ២០១៩-២០២៣។ អង្គការយូនីសេហ្វ ក៏បានជួយរៀបចំកិច្ចសន្ទនាសកលស្តីពីប្រព័ន្ឋស្បៀង, ផែនទីបង្ហាញផ្លូវ, ការងារវាយតម្លៃពាក់កណ្តាល, និងជួយក្រុមជំនាញថ្នាក់ក្រោមជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី តាកែវ និងព្រះវិហារ និងជួយគាំទ្រដល់ទិវាជាតិអាហារូបត្ថម្ភជារៀងរាល់ឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អទិភាពខ្ពស់ណាស់លើការងារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងកិច្ចគាំពារសង្គម ទឹកស្អាត និងអនាម័យ ព្រោះវាជាស្នូលនៃការអភិវឌ្ឍន៍មូលធនមនុស្ស ការអភិវឌ្ឍន៏សង្គម ការកែលម្អរកំរិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់អង្គការយូនីសេហ្វ បន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ពិសេស អគ្គលេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទាំងបច្ចេកទេស និងថវិកា។ ជាមួយនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ស្នើឲ្យអង្គការយូនីសេហ្វ ជួយរៀបចំទិវាអាហារូបត្ថម្ភនៅតាមបណ្តាខេត្ត និងពង្រីកការងារសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិបន្ថែម ដើម្បីឲ្យមានការជ្រួតជ្រាបកាន់តែច្រើនក្នុងស្រទាប់មហាជន៕ សេឌី

