សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេចស្ដីពីបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ក្នុងសេចក្តីសម្រេចដែលទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានតួនាទីភារកិច្ចដូចខាងក្រោម៖
– រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
-អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់។
- ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកនូវអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំង ពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែល បានប្រព្រឹត្តនៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។
អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។ អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន។ ក្រុមការងារនេះ អាចប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់។
ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវធ្វើរបាយការណ៍អំពីលទ្ធផល ការងារនេះជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ដើម្បីជ្រាប និងស្នើសុំមតិដឹកនាំបន្ត ៕ ដោយ វណ្ណលុក


