រាជបុត្រស្នងរាជអារ៉ាប៊ីសាអូឌីត ទំនងជាមិនទៅចូលរួម ពិធី បុណ្យព្រះសពក្សត្រិយ អេលីហ្សាប៊ែត ទេ

អង់គ្លេស៖ព្រះរាជបុត្រស្នងរាជ្យអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសាលម៉ាន ទំនងជាមិនទៅចូលរួមព្រះពិធីបុណ្យព្រះសព របស់ម្ចាស់ក្សត្រិយ អេលីហ្សាប៊ែតទី២ ទៀតទេ។ នេះបើតាមប្រភព ពីការិយាល័យកិច្ចការបរទេសអង់គ្លេស។

ប្រភពដែលបាន ដក ស្រង់សម្តីដោយ សារព័ត៌មាន រ៉យទ័រ(Reuters) បាននិយាយថា ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងដោយភាគី អារ៉ាប៊ីសា អូឌីត។ ការអញ្ជើញរបស់អង់គ្លេស ឲ្យព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ទៅចូលរួមពិធីបុណ្យសពរបស់ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត បានបង្កឲ្យមានព្យុះនៃការតវ៉ាពីក្រុមអ្នកការពារសិទ្ធិមនុស្ស។

ក្រុមសិទ្ធិមនុស្ស បានរិះគន់ជាខ្លាំងចំពោះការសម្រេចចិត្តអញ្ជើញ រាជបុត្រ បេនសាលម៉ាន ដែលជាប់ឈ្មោះថាជាមេដឹកនាំផ្តាច់ការ ព្រោះមានជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក ខាស្ហូហ្ស៊ី កាលពីឆ្នាំ ២០១៨។

នៅមុននេះបន្តិច ប្រភពស្និទ្ធនឹងស្ថានទូតអារ៉ាប៊ីសាអូឌីត បាន បញ្ជាក់ ថា ព្រះអង្គម្ចាស់បេនសាលម៉ាន នឹងយាងទៅទីក្រុងឡុងដ៍នៅ ចុងសប្តាហ៍នេះ។ ប៉ុន្តែព្រះអង្គម្ចាស់ តួគី អាល់ ហ្វេហ្សល (Turki al-Faisal) ដែលជារាជវង្សអារ៉ាប៊ីសាអូឌីតម្នាក់ទៀត ត្រូវបានគេ រំពឹងថា នឹងចូលរួមក្នុងពិធីបុណ្យសពព្រះមហាក្សត្រិយ ជំនួសវិញ។ នេះ បើតាមប្រភពពីការិយាល័យកិច្ចការបរទេសអង់គ្លេស។

ក្រុមសិទ្ធិមនុស្ស លើកឡើងថា ការអញ្ជើញរាជបុត្រ បេនសាលម៉ាន តំណាងឲ្យការលាងជម្រះកំណត់ត្រាសិទ្ធិមនុស្សអារ៉ាប៊ីសាអូឌីតដ៏គួរឱ្យរន្ធត់មួយ។ ការអញ្ជើញទៅកាន់ប្រទេសចិន ក៏បានបង្កឲ្យមានភាពចម្រូងចម្រាស ផងដែរ។ ចម្រូងសម្រាស ក៏ព្រោះតែសកម្មជនសិទ្ធិមនុស្ស ចោទចិន ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើជនជាតិអ៊ុយហ្គួរ ដែលជាអ្នកកាន់សាសនាអ៊ីស្លាមនៅតំបន់ស៊ីនជាំងភាគពាយព្យនៃប្រទេសចិន។

យ៉ាងណាក៏ដោយ ចិនបានបញ្ជាក់រួចហើយថា កំពុងបញ្ជូន អនុ ប្រធានាធិបតីរបស់ខ្លួន គឺលោក វ៉ាង ខឺហ្សាន (Wang Qishan) ទៅចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រិយ អេលីហ្សាប៊ែតទី២៕
ដោយ៖លី លីយ៉ា

ប្រភព៖

  1. Saudi Crown Prince Mohammed Bin Salman not expected at Queen’s funeral
  2. Mohammed Bin Salman: Saudi prince’s controversial invitation to the Queen’s funeral
ads banner