សង្រ្គាមនៅអ៊ុយក្រែន ធ្វើឱ្យភូមិសាស្រ្តនយោបាយនៃបណ្ដាប្រទេស អតីតសហភាពសូវៀត មានការប្រែប្រួលខ្លាំង
រុស្ស៊ី៖នៅពេលដែល លោក វ៉្លាឌីមៀរ ពូទីន បញ្ជាឱ្យកងទ័ពរបស់ខ្លួន ចូលឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីរូបនេះ សង្ឃឹមថា រុស្ស៊ីនឹងអាចនាំយកមកវិញនូវភាពរុងរឿង ដែលអតីត សហភាពសូវៀតធ្លាប់មានពីមុនមក និងបន្តក្ដោបក្ដាប់ឥទ្ធិពលរបស់ រុស្ស៊ីក្នុងតំបន់។
ប៉ុន្តែក្រោយពីឆ្លងកាត់សង្រ្គាមអស់រយៈពេលប្រាំពីរ ខែ ហើយត្រូវ ចំណាយជីវិតទ័ពអស់រាប់ម៉ឺននាក់ និងសព្វាវុធអស់រាប់ពាន់លាន ដុល្លាររួចមក រុស្ស៊ីបែរទទួលបាននូវលទ្ធផលដែលផ្ទុយពី មហច្ឆិតា ឈ្លានពានរបស់ខ្លួនទៅវិញ។
បើនិយាយពីសង្រ្គាមនៅអ៊ុយក្រែន កងទ័ពរុស្ស៊ី ដែលរងការវាយ ប្រហារយ៉ាងដំណំពីប្រតិបត្តិការវាយបករបស់ក្រុងកៀវ បាន រត់ បាក់ទ័ព និងបោះបង់ចោលទឹកដីរាប់ពាន់គីឡូម៉ែត្រ ដែលខ្លួន ចំណាយពេលរាប់ខែទម្រាំវាយយកបាន។
ប៉ុន្តែបើគេមើលហួសពីនេះ សង្រ្គាមឈ្លានពានរបស់រុស្ស៊ី ក៏បង្ក ឲ្យមានការរង្គោះរង្គើដល់ឥទ្ធិពលរបស់រុស្ស៊ី នៅក្នុងប្លុកនៃប្រទេស អតីតសហភាពសូវៀត រាប់តាំងពីអឺរ៉ុបខាងកើត រហូតដល់តំបន់ កូកាស និងអាស៊ីកណ្ដាល។ អ្វីដែលគេមើលឃើញច្បាស់បំផុតនោះ គឺការផ្លាស់ប្ដូរភូមិសាស្រ្តនយោបាយ និងនិន្នាការនយោបាយ ក៏ដូចជាសន្តិសុខជាមួយរុស្ស៊ី ព្រមទាំងការផ្ទុះឡើងវិញនៃ ជម្លោះ តាមព្រំដែនរវាងបណ្ដាប្រទេសក្នុងប្លុក ដែលទាំងអស់នេះ សុទ្ធសឹង តែធ្វើឱ្យឥទ្ធិពល ដែលក្រុងម៉ូស្គូប្រឹងក្ដោបក្ដាប់ក្រោយសហភាព សូវៀត ដួលរលំ មានការថយចុះជាលំដាប់។
១. ជម្លោះអាមេនី-អាស៊ែប៉ៃហ្សង់៖
ការប៉ះទង្គិចគ្នាប្រដាប់អាវុធរវាងអាមេនី និងអាស៊ែប៉ៃហ្សង់ ដែល សម្លាប់កងទ័ពទាំងសងខាងអស់ជាង ២០០ នាក់ កាលពី ថ្ងៃអង្គារ កាលពីសប្ដាហ៍មុន មិនមែនជាអ្វីដែលថ្មីនោះទេ ប៉ុន្តែវាជាជម្លោះមួយ ដែលបង្ហាញពីឧបសគ្គរបស់រុស្ស៊ី ក្នុងការដើរតួរជាអ្នករក្សាសន្តិភាព ក្នុងតំបន់ ក្រោមកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនសម្របសម្រួល ឆ្នាំ២០២០ ដោយសារតែរុស្ស៊ីខ្លួនឯង ជាប់ដៃវាយប្រយុទ្ធជាមួយ អ៊ុយក្រែន។
ជុំវិញការប៉ះទង្គិចនេះ អ្នកវិភាគភូមិសាស្រ្តនយោបាយមួយចំនួន យល់ឃើញថា វាអាចជាការឈ្លៀតឱកាសរបស់អាស៊ែប៉ៃហ្សង់ ក្នុង ការវាយប្រហារអាមេនី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ស្របពេលដែល អាមេនីគ្មានការជួយជ្រោមជ្រែងពិតប្រាកដ សូម្បីតែពីអង្គការសន្ធិ សញ្ញាសន្តិសុខសមូហភាព (CSTO: អង្គការនេះដឹងនាំដោយរុស្ស៊ី) ដែលមានមុខងារដូចគ្នានឹងអង្គការណាតូ ក្នុងការជួយរដ្ឋជាសមាជិក នៅពេលមានការវាយប្រហារពីប្រទេសណាមួយ។
វាអាចនឹងពិបាកចំពោះការងាកទៅរកលោកខាងលិចទាំងស្រុងសម្រាប់អាមេនី ប៉ុន្តែក្នុងលទ្ធភាពណាមួយ ទំនោរទំនាក់ទំនង ជាមួយ រុស្ស៊ីអាចនឹងត្រូវកាត់បន្ថយ។ តួយ៉ាង កន្លងមក សហភាពអឺរ៉ុបបាន ជួយផ្សះផ្សារ ដើម្បីសម្រេចបានសន្តិភាពតាមតំបន់ជម្លោះ រវាង ទាំងពីរ បើទោះបីជាវាត្រូវបរាជ័យក្ដី។
ចុងក្រោយបំផុតនេះ ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានធ្វើដំណើរទស្សនកិច្ចទៅអាមេនី ដោយបង្ហាញ ជំហរគាំទ្រដល់អាមេនី។ អាមេនី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ប្រឆាំងនឹងអាស៊ែប៉ៃហ្សង់វិញ។ ចំពោះអាស៊ែប៉ៃហ្សង់ ដែល ងាកចេញកាន់តែឆ្ងាយពីរុស្ស៊ីវិញ កាន់តែមានទំនាក់ទំនងជាមួយ លោកខាងលិច ជាពិសេសតាមរយៈការផ្គត់ផ្គង់ហ្គាសទៅឱ្យអឺរ៉ុប ក្រោយពេលដែលថាមពលរបស់រុស្ស៊ីរងទណ្ឌកម្ម បន្ទាប់ពី ឈ្លានពានអ៊ុយក្រែន។
២. ជម្លោះតាហ្ស៊ីគីស្ថាន-គៀរហ្ស៊ីស៊ីស្ថាន៖
ការប៉ះទង្គិច ប្រដាប់អាវុធតាមព្រំដែនរវាងតាហ្ស៊ីគីស្ថាន-គៀរហ្ស៊ីស៊ីស្ថាន ដែលផ្ទុះឡើងកាលពីថ្ងៃពុធ បានសម្លាប់ មនុស្សយ៉ាងហោចណាស់ ៩៤ នាក់។ ជម្លោះព្រំដែន បាន ញាំញីអតីតសហភាពសូវៀតទាំង២ ចាប់តាំងពីទទួល បានឯករាជ្យក្រោយការដួលរលំរបស់សហភាពសូវៀត។ ជិតពាក់កណ្ដាលនៃព្រំដែនរួមរវាងតាហ្ស៊ីគីស្ថាន-គៀរហ្ស៊ីស៊ីស្ថាន ប្រវែង ១ ០០០ គីឡូម៉ែត្រ ស្ថិតនៅក្នុងភាពចម្រូងចម្រាស។
ជុំវិញភាពតឹងតឹងថ្មីនេះ លោក ពូទីន បានអំពាវនាវឱ្យភាគីទាំងសង ខាងបន្ថយជម្លោះតាមរយៈការទូតជាបន្ទាន់ ខណៈអ្នកវិភាគ នយោបាយ ខ្លះមើលឃើញថា ជម្លោះព្រំដែនរវាងប្រទេសទាំង២ អាចបណ្ដាលមកពីការចុះខ្សោយនៃមុខងាររក្សាសន្តិភាពក្នុងតំបន់រុស្ស៊ីនាពេលនេះ។ កាលពីថ្ងៃទី ១៤ ខែកញ្ញានេះ វិទ្យុអឺរ៉ុបសេរី /វិទ្យុសេរីភាព បានរាយការណ៍ថា រុស្ស៊ីបានដកទ័ព ១ ៥០០ នាក់ចេញពីមូលដ្ឋានទ័ពនៅតាហ្ស៊ីគីស្ថាន ខណៈមានសេចក្ដី រាយការណ៍ ដូចគ្នានៅគៀរហ្ស៊ីស្ស៊ីស្ថាន។ យ៉ាងណាមិញ ជម្លោះបែបនេះ មិនថារវាងតាហ្ស៊ីគីស្ថាន-គៀរហ្ស៊ីស៊ីស្ថាន ឬអាមេនី-អាស៊ែប៉ៃហ្សង់ ត្រូវបានអ្នកវិភាគមួយចំនួនយល់ឃើញថា អាចជា ប្រយោជន៍សម្រាប់រុស្ស៊ី ក្នុងការទាញការចាប់អារម្មណ៍ របស់ ពិភពលោកពីការបរាជ័យ ឬសកម្មភាពយោធាសាហាវព្រៃផ្សៃ របស់ខ្លួននៅអ៊ុយក្រែន។
៣. កាហ្សាក់ស្ថាន៖កាលពីខែមករាដើមឆ្នាំនេះ រុស្ស៊ីបានបញ្ជូន កងទ័ពរបស់ខ្លួនទៅកាហ្សាក់ស្ថាន ដើម្បីបង្រ្កាបភាពចលាចល ក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលដ៏ធំ មិនធ្លាប់មានពីមុនមកក្នុង ប្រទេស ដែលជាសមាជិក CSTO មួយនេះ។ ការណ៍នេះ ត្រូវបាន គេមើលឃើញថា ជាយន្តការដ៏សំខាន់សម្រាប់រុស្ស៊ី ក្នុងការរក្សា ឥទ្ធិពលរបស់ខ្លួននៅកាហ្សាក់ស្ថាន ដើម្បីឱ្យគេមើលឃើញថា ខ្លួនជាសម្ព័ន្ធមិត្តគួរឱ្យទុកចិត្ត។ ប៉ុន្តែផ្ទុយពីការរំពឹង ទុក របស់ រុស្ស៊ី បន្ទាប់ពីបើកការឈ្លានពានអ៊ុយក្រែន កាហ្សាក់ស្ថានបានបដិសេធ មិនទទួលស្គាល់រដ្ឋផ្តាច់ខ្លួននៅតំបន់ដុនបាស ហើយបានបញ្ជូល ជំនួយ មនុស្សធម៌ទៅអ៊ុយក្រែនទៀតផង ខណៈគ្មានមន្រ្តីណាមួយ របស់ប្រទេសនេះ បានបង្ហាញការគាំទ្រការឈ្លានពានរបស់ រុស្ស៊ីនោះ ទេ។ ទំនាក់ទំនងកាហ្សាក់ស្ថាន-រុស្ស៊ី កាន់តែល្អក់កករខ្លាំង នៅពេលប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev សារសងជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ថា ប្រទេសរបស់លោកមានការព្រួយបារម្ភនឹងហានិភ័យចំពោះសន្តិសុខថាមពលសកលដែលបង្កើតឡើងដោយសង្រ្គាម ហើយខ្លួនអាច ផ្ដល់ការផ្គត់ផ្គង់ហ្គាស និងប្រេងឱ្យទៅអឺរ៉ុបបាន។
ពីរថ្ងៃបន្ទាប់ពីកិច្ចសន្ទនានេះ ទីក្រុងម៉ូស្គូបានបិទស្ថានីយប្រេង Novorossiysk ដែលធ្វើឱ្យរាំងស្ទះដល់ការនាំចេញប្រេង និង ហ្គាសតាមសមុទ្រកាសព្យែនរបស់កាហ្សាក់ស្ថាន។
ជារួម អ្នកវិភាគមើលឃើញថា របត់នៃភូមិសាស្រ្តនយោបាយរបស់ កាហ្សាក់ស្ថាន មានការប្រែប្រួលកាន់តែខ្លាំងក្រោយសង្រ្គាម នៅ អ៊ុយក្រែនផ្ទុះឡើង ហើយនៅពេលនេះ កាហ្សាក់ស្ថានកំពុងធ្វើ យ៉ាងណា ឱ្យខ្លួនអាចងាកចេញពីការគ្របសង្កត់នៃឥទ្ធិពល របស់ ក្រុងម៉ូស្គូ មិនថាផ្នែកនយោបាយ ឬសេដ្ឋកិច្ច ដោយធ្វើយ៉ាងណាមិន ឱ្យរុស្ស៊ីខឹង។
៤. ម៉ុលដាវី៖
ម៉ុលដាវី ដែលនៅជាប់អ៊ុយក្រែន មានជម្លោះតំបន់ផ្ដាច់ខ្លួនត្រេន ស្នៀទ្រីយ៉ា (Transnistria) ដែលធ្វើឱ្យរុស្ស៊ីនៅតែមានឥទ្ធិពល លើប្រទេស ក្រោយសហភាពសូវៀតដួលរលំ តាមរយៈការដាក់ កងរក្សាសន្តិភាពរុស្ស៊ីនៅក្នុងតំបន់ចំនួន ១ ៥០០ នាក់។ ក្រៅពីផ្នែកសន្តិសុខ និងនយោបាយ រុស្ស៊ីក៏ដើរតួជាដៃគូសេដ្ឋកិច្ច ដ៏ធំមួយជាមួយម៉ុលដាវីផងដែរ។ យ៉ាងណាមិញ ជំហរគោល នយោបាយ ការបរទេសរបស់ប្រទេសនេះ មានការផ្លាស់ប្ដូរខ្លាំងឡើង តាមរយៈការងាកចេញជាបណ្ដើរៗពីក្រុងម៉ូស្គូ ហើយគាំទ្រអ៊ុយក្រែន ដែលជាជនរងគ្រោះនៃការឈ្លានពានរបស់រុស្ស៊ី។
កាលពីខែមិថុនា ម៉ុលដាវី បានទទួលឋានៈជាបេក្ខជននៃការ ចូលជា សមាជិកនៃសហភាពអឺរ៉ុបជាមួយអ៊ុយក្រែន ហើយកាលពីចុង ខែសីហាកន្លងទៅនេះ ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu បានថ្លែងថា៖ «សង្គ្រាមដ៏អយុត្តិធម៌របស់រុស្ស៊ីប្រឆាំង នឹងអ៊ុយក្រែន បង្ហាញយ៉ាងច្បាស់ដល់យើង អំពីតម្លៃនៃសេរីភាព»។
៥. ហ្សកហ្ស៊ី៖
ប្រហែល១ភាគ៥នៃទឹកដីរបស់ ហ្សកហ្ស៊ី កាន់កាប់ដោយទាហាន រុស្ស៊ី និងពួកបំបែកខ្លួននៅតំបន់ Abkhazia និង South Ossetia។ ដោយសារតែសង្រ្គាមជាមួយរុស្ស៊ី រដ្ឋអតីតសហភាពសូវៀតមួយនេះ បានងាកចេញពីក្រុងម៉ូស្គូយូរមកហើយ រុស្ស៊ីនៅតែស្ថិតក្នុង ចំណាត់ ថ្នាក់ទី៣ ក្នុងបញ្ជីដៃគូពាណិជ្ជកម្មកំពូលរបស់ហ្សកហ្ស៊ី។
ដោយសារតែរដ្ឋាភិបាល និងសភាហ្សកហ្ស៊ី ស្ថិតក្រោមការគ្រប់គ្រង របស់មហាសេដ្ឋីគាំទ្ររុស្ស៊ី ប្រទេសនេះនៅតែស្ថិតនៅក្រោយ ឥទ្ធិពល របស់ក្រុងម៉ូស្គូ ហើយបដិសេធមិនចូលរួមជាមួយអន្តរជាតិ ក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងរុស្ស៊ី ហើយមិនហៅរុស្ស៊ីថា ជាអ្នកឈ្លានពានអ៊ុយក្រែន ជាអ្វីដែលផ្ទុយពីការយល់ឃើញ របស់ប្រជាជនភាគច្រើន (តាមការស្ទង់មតិផ្សេងៗស្ដីពីបញ្ហានេះ)។
យ៉ាងណាក៏ដោយ វោហាសាស្ត្ររបស់ហ្សកហ្ស៊ីប្រឆាំងនឹងរុស្ស៊ី មានកម្ដៅកាន់តែក្ដៅឡើងៗ នាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ កាលពីដើមសប្តាហ៍មុន លោក Irakli Kobakhidze ប្រធាន គណបក្ស Georgian Dream ដែលកំពុងកាន់អំណាច អះអាងថា រដ្ឋគួរតែអនុញ្ញាតឱ្យប្រជាជនបង្ហាញពីបំណងរបស់ពួកគេ ថាតើ ពួកគេចង់ឱ្យហ្សកហ្ស៊ីបើកការវាយប្រហារដណ្ដើមយកតំបន់ជម្លោះ Abkhazia និង South Ossetia មកវិញ ឬយ៉ាងណា។ លោក Kobakhidze អះអាងថាវាជាការលេងសើច ប៉ុន្តែសម្ដីនេះលើក ឡើង នៅពេលដែលរុស្ស៊ីបាក់ទ័ពនៅភាគខាងកើតអ៊ុយក្រែន៕
ដោយ៖ហួន ឌីណា
ប្រភព៖ Putin’s push for a new USSR reawakens the bloody chaos of Soviet collapse