មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ទីតាំងបីនឹងទទួលបានភ្ញៀវទេសចរ កើនឡើងច្រើនក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ភ្ញៀវទេសចរនឹងមកទស្សនាច្រើននៅតំបន់មួយចំនួន នៃរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបច្រើនក្នុងកំឡុង ពេលបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។ តំបន់ទាំងនេះមានរមណីយ ដ្ឋានកែច្នៃ ឆ្នេរសមុទ្រ និងកន្លែងប្រវត្តិសាស្ត្រ។ នេះបើតាមឯកឧត្តម តុប សុភក្តិ រដ្ឋលេខាធិការនិងអ្នកនាំក្រសួងទេសចរណ៍ ប្រាប់អ្នក សារព័ត៌មានជុំវិញស្ថានភាពទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តិទៅនៅចុងខែនេះ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ខាងលើបានបន្តថា ស្ថានភាពវិស័យ ទេសចរបច្ចុប្បន្ននេះ មានភាពល្អប្រសើរច្រើនជាងកាលពីមុន ដោយ សារ តែមានភ្ញៀវទេសចរដើរកម្សាន្តច្រើន បើទោះបីជាប្រឈម នឹង រដូវមេឃភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ លោកបញ្ជាក់ថា បើធៀបទៅនឹង ចុងសប្ដាហ៍កន្លងទៅ ចំនួនភ្ញៀវទេសចរណ៍សប្ដាហ៍នេះ មានការកើន ឡើងទៅដល់ជាង៣០ម៉ឺននាក់ ហើយគិតជាភាគរយកើនឡើង ដល់ ៤០ភាគរយពីព្រោះវាជារដូវដាក់បិណ្ឌដែលមានប្រជាពលរដ្ឋអាចចេញទៅដើរកម្សាន្តនៅតាមកន្លែងនានា។
ឯកឧត្តម តុប សុភក្ដិ បញ្ជាក់ថា៖ «កាលណាមានភ្ញៀវទេសចរទៅ កម្សាន្តនៅកន្លែងណាចំណាយទៅកន្លែងនឹងហើយ ។ចឹងចំណូល នឹង ទៅដល់ សេដ្ឋកិច្ចមូលដ្ឋាន អ្នកដែលបានប្រកបមុខរបរក្នុង វិស័យទេសចរណ៍ទាំងផ្ទាល់ និងប្រយោល»។

លោកបន្ថែមថា ភាគច្រើនប្រជាពលរដ្ឋនៅក្នុងរដូវដាក់បិណ្ឌនេះ ពួកគាត់ទៅកន្លែងទេសចរណ៍ គ្រាន់តែជាការទៅលេងកម្សាន្តព្រឹក-ល្ងាច មិនសូវមានការចំណាយទៅលើការស្នាក់នៅឡើយ។
ក្រៅពី ខេត្តទាំងនេះហើយនៅមានខេត្តកំពត កែប កណ្ដាល កំពង់ស្ពឺ បាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម ដែលទាក់ទាញឲ្យមានភ្ញៀវ ទេសចរ មកកម្សាន្តជាច្រើនផងដែរ។

ចំណែកឯអ្នកស្រី ឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារ ទេសចរណ៍ កម្ពុជាបានប្រាប់ថារាជរដ្ឋាភិបាលបាន ប្រើយន្តការ ជាច្រើន ក្នុងការជួយដល់វិស័យទេសចរណ៍ ដូចជាការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងការចេញវិធានការនានា ជួយដល់វិស័យ ឯកជន ដែលធ្វើអាជីវកម្មទេសចរណ៍ជាដើម។ប៉ុន្តែអ្នកស្រី ស្នើឱ្យ រាជរដ្ឋាភិបាលជួយសម្រួលថែមទៀតដល់អ្នករកស៊ីលើវិស័យទេសចរណ៍។
អ្នកស្រី ឆាយ ស៊ីវលីន ៖ «រាជរដ្ឋាភិបាលត្រូវធ្វើម៉េច លើកទឹកចិត្ត ដល់វិស័យឯកជន លើកទឹកចិត្តដល់ការវិនិយោគ ទៅលើសម្បទាន ទេសចរណ៍ សម្បទានសេវាទេសចរណ៍ ក្នុងការលើកទឹកចិត្ត ដូចជា ការមិនគិតពន្ធជាដើម ទៅលើអ្នកធ្វើអាជីវកម្ម ទេសចរណ៍ពេញមួយ ឆ្នាំ ដើម្បីឱ្យពួកគាត់បន្ថែមនូវសេវា និងជម្រើសច្រើនទៅកាន់ភ្ញៀវ»។

សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍ ទី១៧-១៨ ខែកញ្ញានៅទូទាំង ប្រទេសកម្ពុជាទទួលបានភ្ញៀវសរុប៣០០,៣៨៥ នាក់ ។ ក្នុង នោះ ភ្ញៀវជាតិ២៤៦,៩៦០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៣,៤២៥នាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ៕ ដោយ៖ ជា សុខនី រូបថត ក្រសួងទេសចរណ៍