មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ វិធានការចម្បងចំនួនពីរ ដែលក្រុមការងារបរិស្ថានគ្មានផ្សែង បារីប្រកាន់យកគឺ វិធានការអប់រំ និងវិធានការរដ្ឋបាល

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា វិធានការចម្បងពីរដែលក្រុមការងារបរិស្ថានគ្មានផ្សែងបារីប្រកាន់យកគឺ វិធានការអប់រំ និងវិធានការរដ្ឋបាល។

បច្ចុប្បន្ន យើងបាននឹងកំពុងអនុវត្តន៍នូវវិធានការទី១ គឺវិធានការអប់រំ ដោយបានរៀបចំជាសិក្ខាសាលាបណ្តុះបណ្តាល ប្រជុំផ្សព្វផ្សាយប៉ាណូ និងរៀបចំបោះសម្ភារផ្សព្វផ្សាយ និងណែនាំឲ្យម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់យកចិត្តទុកដាក់គោរពអនុវត្តន៍តាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥មកម្ល៉េះ។

ក្រោមឆ័ត្រនៃច្បាប់នេះ យើងមានអនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ អនុក្រឹត្យស្តីពី វិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ព្រមទាំងប្រកាសផ្សេងៗថែមទៀត។

ការថ្លែងបែបនេះក្នុងឱកាសដែរ ឯកឧត្តម បានអញ្ផើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងការប្រគល់ពានជូនដល់ម្ចាស់សណ្ឋាគារ និងភោជីនីយដ្ឋាន ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងម្ចាស់សណ្ឋាគារ ភោជនីយដ្ឋានចូលរួមផងដែរ។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានបន្ថែមថា ការជ្រើសរើសវាយតម្លៃផ្តល់ជូនសណ្ឋាគារ និងភាជនីយដ្ឋានឆ្នើម ដែលទទួលពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរដែលបានរៀបចំឡើង ដោយមានសូចនាករលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ យោងទៅតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានាក្រោមច្បាប់ រួមមានអនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ។ល។

ចំណុចសំខាន់ៗដែលមូលដ្ឋានអាជីវកម្ម សេវាកម្មត្រូវប្រកាន់យកដូចជា ត្រូវបិទផ្សាយ ឬដាក់បម្រាមហាមជក់នៅតាមផ្លូវចូល និងកន្លែងសមស្របដែលអាចមើលឃើញច្បាស់ មិនត្រូវដាក់តាំងបង្ហាញប្រដាប់ជក់បារី ត្រូវបង្គាប់មិនឲ្យអ្នកជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ក្នុងកន្លែងហាមឃាត់ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួនទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់ធម្មតាបានតែមួយកញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញ ឬលក់តែផលិតផលថ្នាំជក់ណាដែលមានសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរទំហំ៥៥% បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំងពីរ នៃកញ្ចប់ផលិតផលថ្នាំជក់។

ក្នុងឱកាសនោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា សាលាស្តីពីបរិស្ថានគ្មានផ្សែងបារីនេះ បានរៀបចំជាច្រើនលើកមកហើយក្នុងទឹកដីខេត្តសៀមរាបយើងនេះ តែអ្វីដែលគួរឲ្យកត់សម្គាល់គឺ កម្មវិធីនៅថ្ងៃនេះ ក៏មានពិធីចែកពានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ជូនដល់សណ្ឋាគារ និងភោជនីយដ្ឋាន ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍នាពេលកន្លងមកផងដែរ។

នៅក្នុងសប្តាហ៍ទី១នៃខែកញ្ញានេះ ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងអង្គការដៃគូ បានជួបប្រជុំជាមួយរដ្ឋបាលខេត្តសៀមរាប និងបានឯកភាពគ្នាខិតខំជំរុញទីក្រុងសៀមរាបជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។ ក្រុមការងារ ក៏បានចុះត្រួតពិនិត្យវាយតម្លៃនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងក្រុងសៀមរាបនេះ។ ជាលទ្ធផល យើងរកឃើញសណ្ឋាគារចំនួន១០កន្លែង ក្នុងចំណោមសណ្ឋាគារ២០កន្លែង និងភោជនីយដ្ឋានចំនួន១០កន្លែង ក្នុងចំណោមភោជនីយដ្ឋាន២០កន្លែង ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner