មេដឹកនាំពិភពលោកជំរុញឱ្យមានដំណោះស្រាយជាបន្ទាន់ ខណៈដែលពិភពលោករបស់យើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់

ញូយ៉ក៖ បញ្ហារបស់ពិភពលោកក្លាយជារបៀបវារៈជាចម្បង ក្នុងថ្ងៃអង្គារទី២០ ខែកញ្ញានេះ នៅពេលដែលកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិរបស់មេដឹកនាំពិភពលោក បានបើកជាមួយនឹងការវាយតម្លៃយ៉ាងធ្ងន់ធ្ងរ អំពីភពផែនដីដែលហ៊ុមព័ទ្ធដោយការកើនឡើងនូវវិបត្តិ និងជម្លោះ ដែលសណ្តាប់ធ្នាប់អន្តរជាតិដ៏មានវ័យចំណាស់ ហាក់ដូចជាមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបាន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស បានបញ្ជាក់យ៉ាងដូច្នេះថា យើងកំពុងជាប់គាំងនៅក្នុងភាពមិនដំណើរការជាសកល លោកថា ពិភពលោករបស់យើងបានស្ថិតនៅក្នុងគ្រោះថ្នាក់ និងបាត់បង់កាយសម្បទា។ លោក និងមេដឹកនាំផ្សេងទៀតបានចង្អុលទៅដល់ជម្លោះរាប់ចាប់ពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន រហូតដល់ជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនជាដើម។

ទន្ទឹមគ្នា វាគ្មិនជាច្រើនក៏បានសម្តែងក្តីព្រួយបារម្ភ អំពីការប្រែប្រួលអាកាសធាតុ, ការកើនឡើងតម្លៃប្រេងឥន្ធនៈ, កង្វះស្បៀងអាហារ, វិសមភាពសេដ្ឋកិច្ច, ការធ្វើចំណាកស្រុក, ការផ្សាយព័ត៌មានមិនពិត, ការរើសអើង, ការស្អប់ខ្ពើម និងបញ្ហាសុខភាពសាធារណៈជាដើម។ ទន្ទឹមគ្នា មេដឹកនាំក្នុងប្រទេសជាច្រើនក៏កំពុងព្យាយាមទប់ស្កាត់សង្គ្រាមកាន់តែរីករាលដាល និងស្ដារសន្តិភាពនៅអឺរ៉ុប។ ទោះជាយ៉ាងណា អ្នកការទូតមិនរំពឹងថា នឹងមានរបកគំហើញណាមួយក្នុងសប្តាហ៍នេះទេ។

គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិបានយល់ព្រមអនុញ្ញាតឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងសន្ទរកថាតាមប្រព័ន្ធវីដេអូអនឡាញ បើទោះជាមានការជំទាស់ពីរុស្ស៊ី និងសម្ព័ន្ធមិត្តមួយចំនួនក៏ដោយ។ សុន្ទរកថារបស់លោក ហ្សេលេនស្គី ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ ដូចនឹងសុន្ទរកថាផ្ទាល់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ នឹងត្រូវឡើងថ្លែងសន្ទរកថានៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner