រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយស្ថានទូតម៉ាឡេស៊ី នៅកម្ពុជា បានជួយសង្គ្រោះជនរងគ្រោះ ១៥៣នាក់ ពីកន្លែងធ្វើការបោកប្រាស
ភ្នំពេញ៖ ជនរងគ្រោះម៉ាឡេស៊ីចំនួន ១៥៣នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយស្ថានទូតម៉ាឡេស៊ីនៅរាជធានីភ្នំពេញជួយសង្គ្រោះពីកន្លែងធ្វើការបោកប្រាស ក្នុងនោះ ១៣៧នាក់ត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ ខណៈ ១៦នាក់ទៀត កំពុងសម្រួលនីតិវិធីបញ្ជូនទៅតាមក្រោយ។

ដើម្បីបកស្រាយលម្អិតជុំវិញករណីនេះ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានមួយនៅអគារណាហ្កាវើលដ៍ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការផ្ដល់ព័ត៌មានដោយផ្ទាល់ពីសំណាក់ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក អ៊ែលដិន ហាសៃនី ម៉ូដហាស្ស៉ីម (Datuk Eldeen Husaini Mohd Hashim)។

លោក អ៊ែលដិន បានឱ្យដឹងថា ជនរងគ្រោះម៉ាឡេស៉ី ១៥៣នាក់នេះ គឺរងការឆបោកតាមអ៊ិនធើណេត ដែលជនទុច្ចរិតបានបោកប្រាសពួកគេទាក់ទាញឱ្យមកធ្វើការនៅកម្ពុជា ក្រោមការសន្យាថា នឹងផ្ដល់ប្រាក់ឈ្នួលពី ២-៣ពាន់ដុល្លារក្នុងមួយខែ។

លោកបានបន្តថា មូលហេតុដែលជនរងគ្រោះទាំងនោះធ្លោយខ្លួនបាញ់បោកជនទុច្ចរិតនោះ គឺដោយសារវិបត្តិជំងឺកូវីដ១៩រំខានដល់ជីវភាពរបស់ពួកគេ នាំឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ចួនជាមានការឃោសនាពីជនទុច្ចរិតថាមកធ្វើការនៅប្រទេសកម្ពុជាទទួលបានប្រាក់ខែខ្ពស់ផងនោះ ពួកគេក៏ធ្វើដំណើរមកតាមការឃោសនានោះតែម្ដង (ក្រោយប្រទេសទាំងពីរបើកជើងហោះហើរវិញ)។ នៅពេលមកដល់ ជនរងគ្រោះទាំងនោះក៏ត្រូវគេបង្ខាំងទុកមិនឱ្យទៅណា និងមិនផ្ដល់ប្រាក់ខែឱ្យឡើយ។ ពួកគេភាគច្រើនត្រូវគេបង្ខាំងទុកទីតាំងអគារក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឯកអគ្គរាជទូតបានបន្តទៀតថា ការជួយសង្គ្រោះពលរដ្ឋម៉ាឡេស៉ីទាំង ១៥៣នាក់នោះ គឺមានរយៈពេលត្រឹមតែ ១ខែ ក្រោមកិច្ចសហការយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក៏ដូចជាមន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធររបស់កម្ពុជា ជាមួយស្ថានទូតម៉ាឡេស៉ីប្រចាំកម្ពុជា។ ចំពោះមធ្យោបាយដើម្បីនាំពួកគេចេញពីទីបង្ខាំង ការរៀបចំកន្លែងស្នាក់នៅនិងអាហារ និងកិច្ចសហការជាមួយភាគីកម្ពុជាដើម្បីបញ្ជូនពួកគេទៅមាតុភូមិវិញនោះ គឺជាការចំណាយរបស់ភាគីម៉ាឡេស៉ីទាំងស្រុង។ ជនរងគ្រោះទាំងនោះគឺត្រូវបាននាំពីខេត្តព្រះសីហនុមកស្នាក់នៅបណ្ដោះអាសន្ននាសណ្ឋាគារមួយក្បែរវិហារឥស្លាមបឹងកក់ មុនបញ្ជូនទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរត្រលប់ទៅប្រទេសកំណើតវិញ។
បើតាមលោកឯកអគ្គរាជទូត មកដល់ពេលនេះ មានជនរងគ្រោះ ១៣៧នាក់ហើយ ដែលត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ ខណៈ ១៦នាក់ទៀតកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា ដើម្បីបំពេញនីតិវិធីមុនពេលអនុញ្ញាតឱ្យពួកគេត្រលប់ទៅប្រទេសកំណើតវិញ។

លោកឯកអគ្គរាជទូតម៉ាឡេស៊ីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចេញបទបញ្ជាឱ្យមន្ត្រីមានសមត្ថកិច្ចចូលរួមលុបបំបាត់បទល្មើសឆបោកតាមអ៉ីនធើណេត ក៏ដូចជាតាមមធ្យោបាយផ្សេងទៀត។ លោកក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលបានពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគីដ៏រឹងមាំរវាងកម្ពុជានិងម៉ាឡេស៉ី។
គួររំឭកថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីមកកាន់កម្ពុជានាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាឱ្យមានការសម្របសម្រួលគ្នាយ៉ាងរលូននៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជនម៉ាឡេស៉ីកន្លងមកនេះ។ ទាំងនេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា-ម៉ាឡេស៉ី ។ ភាគីទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេ ដើម្បីធានាថាបញ្ហានេះនឹងត្រូវដោះស្រាយឱ្យចប់សព្វគ្រប់។ នេះបើតាមការអះអាងរបស់ លោក អ៊ែលដិន ហាសៃនី ម៉ូដហាស្ស៉ីម ។
ជាការកត់សម្គាល់ក្នុងពេលធ្វើសន្និសីទនោះ ទោះបីការងារនេះសម្រេចបានជិតរួចរាល់ក៏ពិតមែន ប៉ុន្តែឯកអគ្គរាជទូតម៉ាឡេស៊ីរូបនេះមិនបង្ហាញទឹកមុខញញឹមបន្តិចណាឡើយ។ មន្ត្រីស្ថានទូតម៉ាឡេស៉ីប្រចាំរាជធានីភ្នំពេញបាននិយាយថា លោក អ៊ែលដិន ព្យាយាមបំពេញកិច្ចការនេះយ៉ាងមមាញឹកដើម្បីសង្គ្រោះពលរដ្ឋរបស់ខ្លួន ទាំងការនាំពួកគេចេញពីទីបង្ខាំង ចាត់ចែងរៀបចំកន្លែងស្នាក់នៅនិងអាហារ និងការបញ្ជូនពួកគេទៅមាតុភូមិវិញ ម្យ៉ាងនៅសល់ពលរដ្ឋម៉ាឡេស៉ី ១៦ទៀតក៏មិនទាន់បញ្ជូនទៅវិញនៅឡើយ ដូច្នេះលោកមានការមមាញឹកយ៉ាងខ្លាំងជាមួយមន្ត្រីកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៉ីរបស់លោក ៕ សេឌី