ពលរដ្ឋខ្មែរតែងវេចអន្សមក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌដើម្បីយកទៅវត្ត និង ទុកបរិភោគក្នុងក្រុមគ្រួសារ
ខេត្តកំពង់ស្ពឺ៖ ការវេចនំអន្សម ចេក អន្សមជ្រូក ឬ សូម្បីតែនំគម នំ បត់ បានក្លាយជាទម្លាប់អនុវត្តតៗគ្នាអស់កាលយូរលង់មកហើយរបស់ពលរដ្ឋខ្មែរដើម្បីធ្វើជាអាហារសម្រាប់យកទៅវត្ត ក៏ដូចជាទុកបរិភោគជាអាហារក្នុងថ្ងៃដ៏មានសារៈសំខាន់របស់ពួកខ្លួន ។

ការវេចនំរបស់ពលរដ្ឋខ្មែរនេះក្រៅពី ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ហើយក៏គេឃើញពួកគាត់តែងមានទម្លាប់ វេចក្នុងពិធីបុណ្យចូលឆ្នាំថ្មី ក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនចៅ និងពិធីបុណ្យសំខាន់ៗមួយចំនួនថែមទៀត ។

ស្ទើរគ្រប់ផ្ទះពលរដ្ឋដែលរស់នៅតាមបណ្តា ខេត្ត តែងប្រកាន់ខ្ជាប់នូវទម្លាប់តៗគ្នាក្នុងការវេចនំអន្សម នំគម នំបត់ និងនំជាលជាដើម ។ ពិសេសក្នុងថ្ងៃបិណ្ឌទី ១៣ និងទី១៤ គេឃើញពលរដ្ឋខ្មែរតែងញាប់ដៃញាប់ជើង ក្នុងការរៀបចំ វេចនំអន្សម ដើម្បីទុកចូលរួមក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌធំ ។
នៅឃុំអមលាំង ស្រុកថ្ពង ឯណោះវិញចាប់ពីបុណ្យទី១៣ និងទី ១៤ គេឃើញពលរដ្ឋខ្មែរជាច្រើនផ្ទះបាននាំគ្នាម្នីម្នាក្នុងការវេចនំ អន្សំចេក អន្សមជ្រូក និងអ្នកខ្លះគេឃើញវេច នំបត់ នំគម និងនំជាលដែលមើលទៅមមាញឹក និងគួរឱ្យសប្បាយរីករាយ។

កំពុងវេចខ្ចប់នំ និងដាក់ស្ងោរនំអន្សមជ្រូក និង អន្សមចេកផង អ្នកស្រី សាយគិន សព្វថ្ងៃរស់នៅ ភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺបានឱ្យដឹងថា អ្នកស្រីមិនដែលភ្លេចសោះឡើយក្នុងការវេចនំពអន្សមទាំងនេះសម្រាប់យកទៅវត្ត និងពិសេសទុកនំទាំងនេះសម្រាប់ឱ្យកូនចៅបរិភោគក្នុងថ្ងៃបុណ្យប្រពៃណីជាតិ។
ក្នុងវ័យ៤៣ឆ្នាំអ្នកស្រីបានរៀបរាប់ថា “ការវេចនេះវាជាទម្លាប់ ឪពុកម្តាយ ខ្ញុំដែលគាត់តែងវេចក្នុងថ្ងៃបុណ្យសំខាន់ៗរបស់ខ្មែរយើងដូចជា បុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំថ្មីនិងពិធីមង្គលការ។ខ្ញុំវេចដើម្បីឱ្យកូនៗបានបរិភោគ និងមួយចំនួនយកទៅវត្តប្រគេនព្រះសង្ឃ”។

ចំណែក លោកយាយ សំរិត គី សព្វថ្ងៃរស់នៅ ភូមិ កុមារមាស ឃុំ អមលាំង ស្រុក ថ្ពង នេះដូចគ្នាបានបញ្ជាក់ប្រាប់ថា លោក យាយមិនដែលភ្លេចសោះឡើយក្នុងវេចនំរបស់ខ្មែរយើងទាំងនេះសម្រាប់ទុកយកទៅវត្ត និងពិសេសទុកឱ្យកូនចៅបរិភោគក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ថ្ងៃចូលឆ្នាំថ្មី។
ក្នុងទឹកមុខសប្បាយរីករាយជាមួយនឹងកូនចៅជាច្រើននាក់ដែលទើបមកទីកន្លែងផ្សេងៗហើយមកជួបជុំផ្ទះលោកយាយក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ លោកយាយបានប្រាប់ថា “ខ្ញុំវេចនំនេះក្រៅពីបង្ហាញពីទម្លាប់ចាស់ទុំបុរាណយើងហើយ វាក៏ទុកសម្រាប់ជាទម្លាប់ការវេចនំខ្មែរយើងដល់កូនចៅជំនាន់ក្រោយបន្តទៀត។នំនេះជានំខ្មែរយើងមិនត្រូវបោះបង់វាទេ! ចាស់ទុំយើងបានចេះធ្វើនំទាំងនេះយូរលង់ណាស់មកហើយ ហេតុនេះយើងត្រូវចេះបង្រៀនកូនចៅយើងបន្តទៀត។ខ្ញុំសប្បាយចិត្តនឹងវេចនំ និងក៏សប្បាយចិត្តពិធីបុណ្យរបស់យើងមកដល់ម្តងៗក្នុងការវេចនេះដែរ”។

ដោយឡែកអ្នកស្រី ហឿង ចាន់ រស់នៅ ភូមិទំនាប ឃុំ អមលាំងដូចគ្នានេះបានប្រាប់ទាំងសម្លេងរដឺនបែបតាមតំបន់ឱ្យដឹងថា “នំអន្សម និងនំផ្សេងៗទៀតខ្ញុំតែងវេចសម្រាប់បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មីនេះគឺវេចទុកឱ្យកូនចៅហូបនិងយកទៅវត្ត។ខ្ញុំបង្រៀនឱ្យកូនចេះវេចនំស្ទើរគ្រប់គ្នា ។កូនចៅមកលេងផ្ទះ ខ្ញុំអត់មានអ្វីឱ្យទេគឺមានតែនំហ្នឹងហើយបានផ្ញើរកូនចៅពេលត្រឡប់ទៅផ្ទះវិញ”។
គួរបញ្ជាក់ថាបើតាមប្រវត្តិនៃការវេចនំអន្សមនេះ និងបើតាមឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម។
ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ។
ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬ សែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ៕ដោយ៖ម៉ាដេប៉ូ