សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីគុយបា
គុយបា៖ ក្នុងជំនួបជាមួយឯកឧត្តម Miguel Diaz-Canel ប្រធានាធិបតីគុយបា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់អង្ករ ៦ពាន់តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អង្ករ ៦ពាន់តោននេះ មាន ៣ពាន់តោន ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយ ៣ពាន់តោនទៀតជាជំនួយរបស់វិស័យឯកជន ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អង្ករ៦ពាន់តោននេះ នឹងដឹកចេញពីកម្ពុជានៅខែតុលា ហើយដឹកដល់ប្រទេសគុយបានៅក្នុងខែធ្នូ។
ឯកឧត្តម ប្រធានាធិបតីគុយបា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងវិស័យឯកជនរបស់កម្ពុជាសម្រាប់ការផ្តល់ជំនួយជាអង្ករនេះ ។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រធានាធិបតីគុយបា បានជជែកគ្នាពីរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម ដើម្បីសិក្សាស្រាវជ្រាវផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើដំណាំស្រូវ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជារ៉ាប់រងរាល់ការចំណាយលើការសិក្សាស្រាវជ្រាវនេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការសិក្សាស្រាវជ្រាវលើវិស័យកសិកម្ម គឺជាចំណែកមួយសម្រាប់ធានាដល់សន្តិសុខស្បៀងរវាងកម្ពុជា និងប្រទេសគុយបា ៕ ស៊ូ វណ្ណលុក


