ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ ដើរដក រុក្ខជាតិដុះលើថ្មឬហៅថា “ផ្កាថ្ម” សម្រាប់ទុកលក់ផ្តត់ផ្គង់ជីវភាព
ខេត្តបាត់ដំបង៖ រុក្ខជាតិម្យ៉ាងដែលដុះលើថ្ម ហើយដែលអ្នកស្រុកនាំគ្នាហៅថា “ផ្កាថ្ម” ត្រូវបានក្រុមប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ នាំគ្នាដើរដកលក់ទៅឱ្យឈ្មួញដែលអាចជួយដោះស្រាយជីវភាពគ្រួសារ។

គួរបញ្ជាក់ថា ទឹកធ្លាក់ អូរជាំ គឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅ ប៉ែកខាងលិចឆៀងខាងត្បូង ទីរួមខេត្តបាត់ដំបង មានចម្ងាយ ៨០ គឺឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោក នីម រ៉ុម ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ មួយរូបបានឱ្យដឹងថា រយៈពេល៤-៥ ឆ្នាំមកហើយ ពួកគាត់តែង នាំគ្នាដើរដករុក្ខជាតិមួយ ប្រភេទនេះដើម្បីយកទៅលក់ឱ្យក្រុមឈ្មួញ ដែលអាចររកចំណូលបន្ថែម ក្រៅពីរបរកសិកម្ម ការលក់ដូរសម្រាប់ភ្ញៀវទេសចរ ហើយការរកអនុផលព្រៃឈើនេះជារឿងមួយសំខាន់សម្រាប់ពួកគាត់ផងដែរ ។

បុរសប្រជាសហគមន៍ដែលជាមគ្គុទេសក៍នាំភ្ញៀវទេសចរកម្សាន្តតាមព្រៃភ្នំ និងបានពឹងផ្អែកលើអនុផលព្រៃឈើរូបនេះបានបញ្ជាក់ប្រាប់ AMS ឱ្យដឹងថា “ផ្កាថ្មនេះច្រើនដុះនៅខែវស្សា ហើយវាដុះតែតាមលើថ្មភ្នំទេ។រុក្ខជាតិប្រភេទនេះដុះជាដើមៗកំពស់ត្រឹម១៥-២៥សង់ទីម៉ែត្រ។រៀងរាល់ឡើងភ្នំខ្ញុំតែងដើររកដកផ្កាថ្មនេះទុកលក់ឱ្យឈ្មួញគេមកទិញ”។
ទាក់ទិននឹងការដករុក្ខជាតិផ្កាថ្មលក់នេះដែរ លោក នីម រ៉ុមបានរៀបរាបប្រាប់ថា៖” ផ្កាថ្មនេះឈ្មួញគេចុះមកទិញ ដោយក្នុងមួយគីឡូក្រាមលក់បានតម្លៃ៨ម៉ឺនរៀល ហើយបើមានប៉ុន្មានគឺគេយកអស់ៗមិនសល់ទេ”។

ដោយឡែក លោក វឹង វីន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ បានឱ្យដឹងថា ផ្កាថ្មនេះវាដុះតែតាមលើផ្ទាំងថ្មភ្នំប៉ុណ្ណោះ ហើយដុះស្ទើរគ្រប់រដូវកាលគ្រាន់តែរដូវភ្លៀងធ្លាក់វាដុះច្រើន។បច្ចុប្បន្ននេះប្រជាសហគមន៍តែងនាំគ្នាឡើងភ្នំរកអនុផលព្រៃឈើដោយដកផ្សិត ដកផ្កាថ្ម និងបន្លែបង្កាមកទុកធ្វើម្ហូបលក់ជូនភ្ញៀវទេសចរ។
បុរសដែលជាអតីតអតីតកងកម្លាំងខ្មែរក្រហម ដែលបានសមាហរណកម្មជាកងយោធពលខេមរភូមិន្ទ ហើយបច្ចុប្បន្នបានក្លាយជា អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ រូបនេះបានបញ្ជាក់ប្រាប់ថា”ខ្ញុំបានដើររកដកផ្កាថ្មនេះមកលក់ឱ្យឈ្មួញក្នុងមូយថ្ងៃអាចរកបាន ៦ទៅ១០គីឡូក្រាមបានប្រាក់គ្រាន់ដោះស្រាយជីវភាពដែរ។ទោះបីយ៉ាងណាពេលនេះឈ្មួញគេចាប់ផ្តើបន្ថោកតម្លៃឱ្យត្រឹមតែ៣ម៉ឺនទៅ៥ម៉ឺនទេ”។

លោក វឹង វីន ឱ្យដឹងបន្ថែមថា រុក្ខជាតិផ្កាថ្មនេះភាគច្រើនជនជាតិចិនគេដើរប្រមូលទិញដើម្បីយកទៅធ្វើឱសថបុរាណ។បើតាមគេប្រាប់នោះគឺវាជាឱសពូកែគ្រាន់បើ តែលោកក៏មិនដឹងថាគេយកទៅធ្វើឱសថសម្រាប់ព្យាបាលជំងឺអ្វីដែរទេ ។
គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាតែងបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាស្រ័យផលចេញពីព្រៃធម្មជាតិ តាមរយៈបេះផ្លែឈើ តាមរដូវ បោចវល្លិ រកបន្លែជាស្លឹក និងដកផ្សិតលក់ជាដើម។
ជាមួយគ្នានាកន្លងមកក្រសួងបរិស្ថានបាន អំពាវនាវឲ្យប្រជាជនក្នុងសហគមន៍ទាំងអស់ ចូលរួមការពារនូវធនធានធម្មជាតិ និងអភិរក្សធនធានធម្មជាតិឲ្យបានល្អប្រសើរ ជៀសវាងការកាប់បំផ្លាញព្រៃឈើខុស បរបាញ់សត្វខុសច្បាប់ ដើម្បីទទួលបាននូវអនុផលពីព្រៃឈើ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារនិងសហគមន៍របស់ខ្លួន៕ដោយ៖ម៉ាដេប៉ូ