ហ្វីលីពីនរងការវាយប្រហារដោយព្យុះទីហ្វុង ស្លាប់មនុស្ស ៥នាក់ ភៀសខ្លួនជាង ៧ម៉ឺននាក់
ម៉ានីល៖ នាថ្ងៃទី២៦ កញ្ញានេះ អាជ្ញាធរហ្វីលីពីនបានប្រញាប់ប្រញាល់ ចែកចាយជំនួយដល់ជនភៀសខ្លួនរាប់ម៉ឺននាក់ បន្ទាប់ពីព្យុះទីហ្វុង Noru បានបោកបក់ក្នុងរដ្ឋធានី និងខេត្តភាគខាងជើង ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ប្រាំនាក់ស្លាប់ និងតំបន់ជាច្រើនត្រូវបានជន់លិច។

ខ្យល់បក់បោកក្នុងល្បឿន ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារលើកោះធំ Luzon កាលពីចុងសប្តាហ៍ ដោយជំរុញឱ្យអាជ្ញាធរបិទសាលារៀន ការិយាល័យរដ្ឋាភិបាល និងផ្សារហ៊ុន រហូតដល់ថ្ងៃចន្ទនេះ។

ប្រធានាធិបតី Ferdinand Marcos បានបញ្ជាឱ្យការផ្គត់ផ្គង់ត្រូវបានលើកតាមអាកាស ហើយឧបករណ៍សម្អាតត្រូវបានផ្តល់ជូនដល់សហគមន៍ដែលរងផលប៉ះពាល់ភាគច្រើន ។

លោក Marcos បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃចន្ទ ដោយលើកឡើងពីមនុស្ស ៧៤០០០នាក់ ដែលត្រូវបានបង្ខំឱ្យចូលទៅក្នុងមជ្ឈមណ្ឌលជម្លៀសដោយព្យុះថា “ចំណុចដែលយើងអាចក្រោកឈរបានគឺនៅពេលដែលជនភៀសខ្លួនភាគច្រើនបានត្រឡប់ទៅផ្ទះវិញហើយ” ។

ទីភ្នាក់ងារឧតុនិយមបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមាន “ទឹកជំនន់ធ្ងន់ធ្ងរ” នៅក្នុងតំបន់ដែលងាយរងគ្រោះ បង្កឱ្យមានការបាក់ដី និងបំផ្លាញដំណាំ ។

ប្រទេសហ្វីលីពីន ដែលជាប្រជុំកោះជាង ៧៦០០ ឃើញព្យុះត្រូពិចជាមធ្យម ២០ដង ក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ ២០១៣ ព្យុះទីហ្វុង Haiyan ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មានដែលបានកត់ត្រាបានសម្លាប់មនុស្ស ៦៣០០នាក់៕ ប្រភពពី CNA, ដោយ៖ សារ៉ាត

